កម្ពុជាបានបណ្ដេញឧក្រិដ្ឋជនជា​ជនជាតិជប៉ុន២៥នាក់​ ទៅប្រទេសដើមវិញ!

(ភ្នំពេញ)៖​ សមត្ថកិច្ចកម្ពុជាកាលពីរសៀលថ្ងៃទី៨ ខែវិច្ឆិកាបានបណ្ដេញឧក្រិដ្ឋជន ជនជាតិជប៉ុនចំនួន២៥នាក់ទៅប្រទេសដើមវិញ បន្ទាប់ពីបានបង្ក្រាបពាក់ព័ន្ធ បទល្មើសឆបោកតាមទូរសព្ទ។
មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា កម្លាំងអគ្គស្នងការដ្ឋានគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជូនជនសង្ស័យជាតិជប៉ុនចំនួន២៥នាក់ និងវត្ថុតាងមួយចំនួនចេញពីកម្ពុជា ទៅប្រទេសជប៉ុនវិញ ដោយទីភ្នាក់ងារនគរបាលជាតិជប៉ុន បានបញ្ជូនតាមយន្តហោះពិសេស។ក្នុងនោះមានកងកម្លាំងមកអមដំណើរជនសង្ស័យដើម្បីយកអនុវត្តនីតិវិធី។

ប្រភពដដែលបានបន្តថា ជនសង្ស័យទាំងនេះត្រូវបានបង្ក្រាបកាលពីថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០២៣កន្លងទៅ នៅអគារមួយស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ពាក់ព័ន្ធករណីលួចធ្វើសកម្មភាព ឆបោកតាមប្រព័ន្ធទូរសព្ទ លើជនរងគ្រោះនៅប្រទេសជប៉ុន។

ករណីនេះដែរសមត្ថកិច្ចកម្ពុជា បានអំពាវនាវនិងក្រើនរំលឹកដល់ពលរដ្ឋដែលជាម្ចាស់អគារជួល ឬទីតាំងជួលនានាសូមឱ្យមានការប្រុងប្រយ័ត្ន ចំពោះការជួលទីតាំងរបស់ខ្លួនឱ្យទៅជនបរទេស។ក្នុងនោះត្រូវសាកសួរព័ត៌មានអំពីគោលបំណងនៃការជួល និងត្រូវមានពិនិត្យឱ្យបានច្បាស់លាស់ ចៀសវៀងនាំឱ្យតាំងរបស់ខ្លួន ត្រូវបានប្រើប្រាស់ធ្វើសកម្មភាពបទល្មើសផ្សេងៗ ឬខ្លួនឯងផ្ទាល់អាចក្លាយទៅជាអ្នកសម្រួលផ្ដល់ទីតាំងដល់អំពើប្រពឹ្រត្តបទល្មើសផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version