Update៖ អ៊ីស្រាអែល​បង្កើន​ការ​វាយ​ប្រហារ​កាន់តែខ្លាំង ខណៈក្រុមហាម៉ាស បង្ហាញខ្លួននៅភាគខាងជើងហ្កាហ្សា!

អ្នកស្រុកបាននិយាយ កាលពីថ្ងៃអង្គារថា ការវាយប្រហាររបស់អ៊ីស្រាអែល នៅទូទាំងតំបន់ហ្គាហ្សា កាន់តែខ្លាំងឡើង ។
ដោយបាញ់ផ្លោងខ្លាំងបំផុតក្នុងរយៈពេលជាច្រើនសប្តាហ៍ ហើយកងទ័ព បានបញ្ជាឱ្យមានការជម្លៀសថ្មី នៅភាគខាងជើងនៃតំបន់នេះ ។
ដោយព្រមានជនស៊ីវិលថា ពួកគេស្ថិតនៅក្នុង “តំបន់ប្រយុទ្ធដ៏គ្រោះថ្នាក់បំផុត” ។

ការវាយប្រហារ តាមផ្លូវអាកាស និងការបាញ់ផ្លោងគ្រាប់ចេញពីរថក្រោះក៏ត្រូវបានរាយការណ៍ផងដែរ នៅភាគកណ្ដាល និងភាគខាងត្បូងនៃតំបន់ហ្កាហ្សា ។
ខណៈ ការទម្លាក់គ្រាប់បែកសាជាថ្មីរបស់អ៊ីស្រាអែល លើភាគខាងជើងនៃតំបន់ហ្កាហ្សា ។
កើតមានឡើង៤ខែក្រោយអ៊ីស្រាអែល ប្រកាសដកកងទ័ពចេញពីទីនោះ ។
ដោយបញ្ជាក់ថា ក្រុមហាម៉ាស បានបាត់ការគ្រប់គ្រងលើតំបន់ទាំងនោះហើយ។

នៅក្នុងខែមេសានេះ អ៊ីស្រាអែលក៏បានប្រកាសដកកងទ័ពភាគច្រើនចេញពីភាគខាងត្បូងនៃតំបន់ ហ្កាហ្សាផងដែរ។

ប៉ុន្តែ កិច្ចចរចាស្វែងរកបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងនៅតែបន្តជាប់គាំង ។
ហើយការទម្លាក់គ្រាប់បែក និងការវាយឆ្មក់ជាថ្មី របស់អ៊ីស្រាអែល លើតំបន់ដែលខ្លួនបានដកទ័ពចេញ បាន និងកំពុងបង្កការលំបាកយ៉ាងខ្លាំងដល់ជនស៊ីវិលប៉ាឡេស្ទីន ក្នុងការវិលត្រឡប់ទៅកាន់ផ្ទុះសម្បែងរបស់ ពួកគេវិញ។

នៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល លោក Avichay Adraee បានបង្គាប់ឱ្យជនស៊ីវិលប៉ាឡេស្ទីន នៅក្នុងទីតាំងចំនួន ៤ នៃទីក្រុង Beit Lahiya ភាគខាងជើងតំបន់ហ្កាហ្សា ជម្លៀសខ្លួនទៅរកទីកន្លែងចំនួន២ ដែលត្រូវបានរៀបចំសម្រាប់ជនស៊ីវិល។

ជាមួយការបង្ហាញខ្លួនសាជាថ្មីនៅភាគខាងជើងតំបន់ហ្កាហ្សា ក្រុមហាម៉ាស បាននិយាយថាអ៊ីស្រាអែល សម្រេចបានត្រឹមតែភាពអាម៉ាស និងបរាជ័យ តែប៉ុណ្ណោះនៅក្នុងប្រតិបត្តិការយោធារបស់ខ្លួន។
ហើយក៏បានកោតសរសើរអ៊ីរ៉ង់ផងដែរ សម្រាប់ការវាយប្រហារដោយផ្ទាល់លើអ៊ីស្រាអែល កាលពីដើមខែមេសា កន្លងទៅ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version