កុបកម្មហិង្សា នៅប៉ាពួញូហ្គីណេ បណ្ដាលឱ្យស្លាប់១៥នាក់ ខណៈរដ្ឋាភិបាលដាក់ប្រទេសក្នុងគ្រាអាសន្ន!

មេដឹកនាំប្រទេសប៉ាពួញូហ្គីណេ បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល 14ថ្ងៃនៅក្នុងរដ្ឋធានី Port Moresby ។
បន្ទាប់ពីមនុស្ស 15នាក់ត្រូវបានសម្លាប់នៅក្នុងកុបកម្ម ខណៈដែលហ្វូងមនុស្សបានលួចប្លន់ និងដុតហាង។

នាយករដ្ឋមន្ត្រី James Marape កាលពីថ្ងៃព្រហស្បតិ៍បានប្រកាសថា ទាហានជាង 1,000 នាក់កំពុងរង់ចាំ “ដើម្បីចូលទៅកន្លែងណាដែលចាំបាច់” ក្រោមក្រិត្យគ្រាអាសន្ន។

លោក Marape បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា លោកបានព្យួរតំណែងមេប៉ូលិសរបស់ប្រទេស ក៏ដូចជាមន្ត្រីការិយាធិបតេយ្យកំពូលនៅក្នុងនាយកដ្ឋានហិរញ្ញវត្ថុ និងរតនាគារ ។
ខណៈដែលរដ្ឋាភិបាលធ្វើការត្រួតពិនិត្យទៅលើមូលហេតុនៃភាពចលាចលនេះ។

អំពើហឹង្សាបានផ្ទុះឡើងនៅក្នុងទីក្រុង Port Moresby កាលពីល្ងាចថ្ងៃពុធ បន្ទាប់ពីទាហានមួយក្រុម មន្ត្រីប៉ូលីស និងឆ្មាំពន្ធនាគារបានធ្វើការតវ៉ាជុំវិញ ការកាត់ប្រាក់ដែលមិនអាចពន្យល់បានចំពោះប្រាក់ឈ្នួលរបស់ពួកគេ។
ក្នុងរយៈពេលប៉ុន្មានម៉ោង ភាពចលាចលបានរីករាលដាលដល់ទីក្រុង Lae ចម្ងាយប្រហែល 300km (186 ម៉ាយ) ទៅភាគខាងជើងនៃរដ្ឋធានី។

ខ្សែ​វីដេអូ​ទូរទស្សន៍​បាន​បង្ហាញ​មនុស្ស​រាប់​ពាន់​នាក់​នៅ​តាម​ដង​ផ្លូវ​នៃ​ទីក្រុង Port Moresby កាល​ពី​ថ្ងៃ​ពុធ ដោយ​មាន​ទំនិញ​ជាច្រើន​ដែល​ទំនង​ជា​លួច​ប្លន់។  ផ្សែងខ្មៅបានហុយពេញទីក្រុង ហើយរថយន្តប៉ូលីសត្រូវបានដុតបំផ្លាញនៅខាងក្រៅការិយាល័យនាយករដ្ឋមន្ត្រី។

ស្ថានទូតចិនក៏បាននិយាយថា អាជីវកម្មដែលគ្រប់គ្រងដោយជនជាតិចិនត្រូវបានគេកំណត់គោលដៅ ខណៈដែលពលរដ្ឋរបស់ខ្លួនបានរងរបួសជាច្រើននាក់។
ជាមួយគ្នានោះ ស្ថានទូតអាមេរិក និង អូស្ត្រាលី ក៏បានប្រកាសភាពអាសន្ន សម្រាប់សុវត្ថិភាពពលរដ្ឋខ្លួនផងដែរ។

គួរជម្រាបថា ប្រទេសកោះប៉ាស៊ីហ្វិកមួយនេះ បានតស៊ូជាមួយនឹងការកើនឡើងនៃឧក្រិដ្ឋកម្មហឹង្សាក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version