ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងពេលអញ្ជើញជួបសំណេះសំណាល ជាមួយអ្នកសារព័ត៌មាន៥,០០០នាក់!

(ភ្នំពេញ)៖ កាលពីល្ងាចទី៣ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានប្រមាណ ៥,០០០នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដើម្បីអបអរសាទរ ទិវាសេរីភាពសារព័ត៌មានពិភពលោក។

ក្នុងឱកាសនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជំនួបជាមួយអ្នកសារព័ត៌មាននាឱកាសនេះ ពិតជាមានសារៈសំខាន់ក្នុងការស្វែង​យល់​បន្ថែមពីបញ្ហា និងកង្វល់នានារបស់ស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មាន ដែលបាននិងកំពុងជួបបញ្ហាប្រឈមក្នុងប្រតិបត្តិការការងាររបស់ខ្លួន ក៏ដូចជាស្ថានភាពរួម​នៃ​ប្រព័ន្ធផ្សព្វផ្សាយក្នុងបរិបទឌីជីថល។

សម្តេចធិបតី ថ្លែងអំណរគុណអ្នកសារព័ត៌មានទាំងអស់ដែលបានចូលរួមយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវវិជ្ជាជីវៈខ្ពស់ក្នុងការនាំយកព័ត៌មានពីរាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ
និងនាំយកព័ត៌មានពីប្រជាពលរដ្ឋមករាជរដ្ឋាភិបាលដើម្បីជាប្រយោជន៍សង្គម សុខដុមរមនា និងចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណលោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួង​ព័ត៌​មាន ដែលបានដឹកនាំវិស័យព័ត៌មានសម្រេចបានសមិទ្ធផលធំៗជាច្រើននាអាណត្តិកន្លងទៅ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។

សម្តេចធិបតី បានថ្លែងថា វិបត្តិនៃការប្រែប្រួលអាកាសធាតុ ការបាត់បង់ជីវចម្រុះ និងការបំពុលខ្យល់ បានធ្វើឱ្យមនុស្ស៨៥ភាគរយ នៅក្នុងតំបន់ប្រឈមនឹងហានិភ័យនៃការប៉ះពាល់កាន់តែខ្លាំង។
ក្នុងន័យនេះ ប្រព័ន្ធផ្សព្វផ្សាយ គឺជាកត្តាគន្លឹះក្នុងការចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់បញ្ហាបរិស្ថាន។

សម្តេចធិបតី បានកត់សម្គាល់ថា លម្ហសេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើនធំធាត់ប្រកបដោយសុខភាពល្អ និងឆ្ពោះទៅរកការរៀបចំបាននូវសណ្តាប់ធ្នាប់ល្អប្រសើរ។
ស្ថានភាពសេរីភាពនៃការបញ្ចេញមតិនៅតែស្ថិតក្នុងបរិយាកាសអំណោយផល ព្រោះថាអ្នកសារព័ត៌មានអាចរាយការណ៍ដោយសេរីដោយឈរលើមូលដ្ឋានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន។

សម្តេចធិបតី បានថ្លែងថា បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាមានអ្នកសារព័ត៌មានប្រមាណ១០,០០០នាក់ និងស្ថាប័នសារព័ត៌មានជាង២,០០០អង្គភាព។

សម្តេចធិបតី បានថ្លែងថា លទ្ធផលនៃការស្ទង់មតិលើអ្នកសារព័ត៌មានសរុបចំនួន៣៤១នាក់ មានមនុស្សចំនួន៧៩,៨ភាគរយបានឆ្លើយថា សេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ ក្នុងនោះ៧១ភាគរយបានឆ្លើយថាសេរីភាពសារព័ត៌មាននៅកម្ពុជាមានស្ថានភាពល្អ និង៨.៨ភាគរយបានឆ្លើយថាសេរីភាពសារព័ត៌មានមានស្ថានភាពល្អបំផុត។

សម្តេចធិបតី បានថ្លែងថា រយៈពេលជាង៤៥ឆ្នាំកន្លងមក ព័ត៌មានស្ដីពីសមិទ្ធផល និងស្នាដៃនានារបស់រាជរដ្ឋាភិបាល ត្រូវបានចែករំលែកផ្សព្វផ្សាយតាមគ្រប់រូបភាពបានឆាប់រហ័សទាន់សភាពការណ៍ និងទូលំទូលាយ ទាំងនៅក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ដើម្បីស្វែងយល់កាន់តែច្បាស់ពីកម្ពុជា។

សម្តេចធិបតី បានថ្លែងថា សារព័ត៌មាន គឺជាអំណាចទី៤ ដែលអំណាចនេះប្រើប្រាស់ត្រូវគឺមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ សម្រាប់ថែរក្សាសន្តិភាព ស្ថិរភាព និងសម្រាប់ផ្ដល់ថាមពលឱ្យប្រជាជនសម្រេចចិត្ត ក៏ដូចជារាជរដ្ឋាភិបាលក្នុងការដាក់ចេញវិធានឱ្យមានប្រសិទ្ធភាព។

សម្តេចធិបតី បានថ្លែងថា សារព័ត៌មានដើរតួនាទីសំខាន់នៅក្នុងការផ្សព្វផ្សាយព័ត៌មានពិតជូនដល់សាធារណជន ខណៈដែលអ្នកសារព័ត៌មានជាចលករដើម្បីឱ្យសារព័ត៌មានកាន់តែមានគុណភាព អ្នកសារព័ត៌មានត្រូវឈរលើគោលការណ៍ជាមូលដ្ឋាននៃការគោរពក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន។ នៅលើពិភពលោក អ្នកសារព័ត៌មានបានបំពេញតួនាទីដ៏សំខាន់ក្នុងការចូលរួមកែលម្អចំណុចខ្វះខាត។

សម្តេចធិបតី បានថ្លែងថា ពាក្យថាអំណាច គឺធំណាស់ ដូច្នេះអ្នកសារព័ត៌មាន ត្រូវរួមគ្នាដើម្បីប្រយោជន៍ជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងដំណាក់កាលនៃការរីកចម្រើនប្រព័ន្ធឌីជីថល ប្រជាពលរដ្ឋម្នាក់ៗសុទ្ធតែមានលទ្ធភាពផ្តល់ព័ត៌មាន។ នេះជាការលំហកាន់តែធំនៃព័ត៌មាន។

សម្តេចធិបតី បានថ្លែងថា រាជរដ្ឋាភិបាលត្រូវការព័ត៌មានមួយគ្រប់ជ្រុងជ្រោយ ដើម្បីដោះស្រាយបញ្ហា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងរយៈពេល៨ខែនេះ សម្តេចដោះស្រាយបញ្ហាបានជាច្រើនតាមរយៈព័ត៌មានពីអ្នកសារព័ត៌មាន រួមទាំងប្រជាពលរដ្ឋផងដែរ។

សម្តេចធិបតី បានថ្លែងថា ថ្ងៃខ្លះយប់ម៉ោង១ ម៉ោង២ សម្តេចនៅតាមដានព័ត៌មានលើបណ្តាញសង្គម ដើម្បីក្តាប់បញ្ហានានារបស់ប្រជាពលរដ្ឋ ហើយដាក់ចេញនូវដំណោះស្រាយ។

សម្តេចធិបតី បានថ្លែងថា ព័ត៌មានលើបណ្តាញសង្គមទោះពិត ឬមិនពិត ក៏ផ្តល់ប្រយោជន៍ដែរ ដើម្បីអាជ្ញាធរបានដឹង និងបំភ្លឺសម្រាប់ព័ត៌មានមិនពិត។ តែបើព័ត៌មាននៃបញ្ហានោះជាការពិត គឺបានអាជ្ញាធរចេញទៅដោះស្រាយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើទៅអ្នកព័ត៌មានព្យាយាមធ្វើជាអ្នកផ្តល់ព័ត៌មាន កុំដើរតួជាតុលាការ។

សម្តេចធិបតី ស្នើអ្នកព័ត៌មានប្រកាន់ក្រមសីលធម៌ ហើយផ្សាយឱ្យបានគ្រប់ជ្រុងជ្រោយ និងបានស្នើឱ្យអ្នកសារព័ត៌មានបើផ្សាយបញ្ហាហើយ ជួយផ្សាយត្រឡប់វិញនូវដំណោះស្រាយផង។
សម្តេចធិបតី បានថ្លែងថា គម្រោងព្រែកជីកហ្វូណន-តេជោបានបង្កើតជាចលនាគាំទ្រយ៉ាងស្រុះគ្នា ដោយសារមានការផ្សព្វផ្សាយបានផុលផុស។

សម្តេចធិបតី បានថ្លែងថា មានអំណាច មិនប្រាកដថាមានឥទ្ធិពលនោះទេ។ អ្នកដែលមានឥទ្ធិពល គឺទាមទារឱ្យមានការផ្តល់តម្លៃ។

សម្តេចធិបតី បានថ្លែងថា សារព័ត៌មានអាចមានឥទ្ធិពលទៅបាន ទាមទារឱ្យមានការផ្តល់តម្លៃ និងគាំទ្រពីប្រជាពលរដ្ឋ ក៏ទាមទារឱ្យមានក្រមសីលធម៌ និងការទទួលខុសត្រូវដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីឱ្យសារព័ត៌មានមានឥទ្ធិពល ត្រូវមានសុចរិត សុក្រឹតភាព និងការទទួលខុសត្រូវ។

សម្តេចធិបតី បានថ្លែងថា រាជរដ្ឋាភិបាលមិនត្រូវការតែព័ត៌មានវិជ្ជមាននោះទេ ព័ត៌មានអវិជ្ជមាន ក៏រាជរដ្ឋាភិបាលត្រូវការដែរ តែត្រូវមានក្រមសីលធម៌។

សម្តេចធិបតី បានថ្លែងថា អ្នកសារព័ត៌មានបើផ្សាយខុស ត្រូវហ៊ានកែសម្រួល។ ម្យ៉ាងទៀត អ្នកសារព័ត៌មានកុំផ្សាយរឿងដែលអសីលធម៌។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព័ត៌មានក្លែងក្លាយ គឺជាព័ត៌មានដែលរស៊ើបនៅលើពិភពលោក។ ព័ត៌មានក្លែងក្លាយខ្លះអាចបង្កើតទៅជាអសន្តិសុខ។

សម្តេចធិបតី ចាត់ទុកការផ្សាយរបស់ខេមបូឌាដេលីពាក់ព័ន្ធនឹងលោក គុណ ញឹម ជាប្រភេទព័ត៌មានក្លែងក្លាយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងឋានៈជានាយករដ្ឋមន្ត្រី សម្តេចមានសិទ្ធិក្នុងការចាត់ចែង ជ្រើសរើស និងតែងតាំងមន្ត្រី។
សម្តេចធិបតី បានប្រកាសថា លោក គុណ ញឹម នឹងកាន់តំណែងអគ្គនាយកគយ និងរដ្ឋាករ រហូតដល់ឆ្នាំ២០២៨។

សម្តេចធិបតី ចំអកថា ខេមបូឌាដេលី និងអាស៊ីសេរីអន់ជាងអ្នកសារព័ត៌មានក្នុងស្រុក ហ៊ានទទួលខុសត្រូវលើការផ្សាយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅខេមបូឌាដេលី និងអាស៊ីសេរី កុំធ្វើចរិតដូច សម រង្ស៉ី ចង់ឈ្នះបុគ្គល វាយប្រហារទាំងគ្រួសារ។

សម្តេចធិបតី បានថ្លែងថា សម្តេចមិនដែលវាយប្រហារកូនលោក សម រង្ស៉ី នោះទេ គឺរាប់អានគ្នាជាធម្មតា។
សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអ្នកសារព័ត៌មានបើផ្សាយពីរឿងចោហើយ កុំទៅផ្សាយដល់គ្រួសារដែលមិនបានដឹងអី។

សម្តេចធិបតី បានទម្លាយថា ស្គាល់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដំបូង គឺលោកជំទាវមិនបានស្រឡាញ់សម្តេចនោះទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ទម្លាយចរិតភរិយាថា ជាមនុស្សដែលចូលចិត្តភាពសាមញ្ញ។

សម្តេចធិបតី បានថ្លែងថា ពេលនេះសម្តេចក្លាយជាមនុស្ស ដែលគេវាស់ដីឱ្យដើរហើយ។
សម្តេចធិបតី ទម្លាយថា កុំថាឡើយរឿងអន្តរាគមន៍ការពារមន្ត្រី កិច្ចការរបស់សម្តេច គឺលោកជំទាវបណ្ឌិតមិនលូកលាន់នោះឡើយ។

សម្តេចធិបតី បានថ្លែងថា គោលបំណងភរិយារបស់សម្តេច គឺចង់ធ្វើការងារជួយប្រជាពលរដ្ឋតាមរយៈសុខភាពសាធារណៈ។
សម្តេចធិបតី ចេញមុខការពារភរិយា ដោយទម្លាយពីចរិតពិត គឺមិនលូកលាន់ការងារស្វាមីដាច់ខាតសូម្បីរឿងតូចតាច កុំនិយាយដល់រឿងអន្តរាគមន៍តំណែងមន្ត្រី។

សម្តេចធិបតី បានថ្លែងថា ភរិយាសម្តេចកំពុងគិតគូរពីការលើកកម្ពស់វប្បធម៌ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ការពង្រឹងវិធានការច្បាប់ ជាការធានានូវភាពថ្លៃថ្នូរនៃក្រមសីលធម៌។

សម្តេចធិបតី បានក្រើនរំលឹកដល់ក្រសួង ស្ថាប័ននានាកុំទាមទារបង្កើតវិទ្យាស្ថានផ្ទាល់ខ្លួន ត្រូវពិនិត្យមើលវិទ្យាស្ថានមានស្រាប់ ហើយពង្រឹងបន្ថែម។
មិនមែនចេះតែទាមទារបើក បើកហើយដួល អត់ដើរ។

សម្តេចធិបតី ណែនាំឱ្យលើកកម្ពស់សមត្ថភាពអ្នកសារព័ត៌មាន តាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីរក្សានូវក្រមសីលធម៌ និងគុណភាពការងារ។
ក្រសួងព័ត៌មានត្រូវជំរុញដំណើរការឡើងវិញនូវមណ្ឌលបណ្តុះបណ្តាលវិក្រឹតការ និង​វិជ្ជាជីវៈសារព័ត៌មាន។

សម្តេចធិបតី ណែនាំឱ្យពិនិត្យឡើងវិញលើលិខិតបទដ្ឋានច្បាប់ និងបទដ្ឋានគតិយុត្តទាំងឡាយដែលនៅជាធរមាន ។
ដើម្បីរៀបចំធ្វើវិសោធនកម្ម ឬរៀបចំថ្មី ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃសង្គម និងត្រូវលើកកម្ពស់ការអនុវត្តច្បាប់ក្នុងវិស័យសារព័ត៌មាន ក្នុងគោលបំណងរៀបចំសណ្តាប់ធ្នាប់នៃវិជ្ជាជីវៈឱ្យបានត្រឹមត្រូវ។

សម្តេចធិបតី ណែនាំឱ្យរៀបចំធម្មនុញ្ញសារព័ត៌មាន ដែលជាឯកសារគោលក្នុងការកំណត់នីតិវិធីប្រតិបត្តិស្តង់ដាស្តីពីក្រមសីលធម៌អ្នកសារព័ត៌មាន ដើម្បីលើកកម្ពស់តម្លៃនៃវិជ្ជាជីវៈ។

សម្តេចធិបតី ណែនាំរៀបចំកំណត់គោលការណ៍ណែនាំស្តីពីការផលិតមាតិកា និងផ្សព្វផ្សាយរបស់អ្នកកាសែត ប្រជាពលរដ្ឋ ដើម្បីលុបបំបាត់ភាពអនាធិបតេយ្យលើបណ្ដាញសង្គម។

សម្តេចធិបតី ណែនាំដល់អ្នកសារព័ត៌មានបន្តចូលរួមថែរក្សាសុខសន្តិភាព ការអភិវឌ្ឍប្រទេសជាតិ និងពង្រឹងលទ្ធិប្រជាធិបតេយ្យ ផ្អែកលើការអនុវត្តច្បាប់ ក្រមសីលធម៌ វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន និងត្រូវលុបបំបាត់ជនឱកាសនិយម ដែលជ្រកក្រោមស្លាកសារព័ត៌មាន។

សម្តេចធិបតី ណែនាំដល់អ្នកសារព័ត៌មានផ្ដល់ព័ត៌មានពិតដល់សាធារណជនជាតិ-អន្តរជាតិអំពីសភាពការណ៍ពិតនៅកម្ពុជា និងផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ និងនាំព័ត៌មានពីប្រជាពលរដ្ឋមកកាន់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

សម្តេចធិបតី ណែនាំដល់អ្នកសារព័ត៌មាន ធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងអំពីភាពពិតជាក់ស្តែង និងភាពអសកម្មនៅក្នុងសង្គម ដើម្បីរាជរដ្ឋាភិបាលដោះស្រាយបញ្ហាចំគោលដៅ​ មានប្រសិទ្ធភាព ស្របតាមកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល។

សម្តេចធិបតី ណែនាំដល់អ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណជនអំពីវិធានការបង្ការគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ការជួញដូរមនុស្ស គោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការប្រើប្រាស់គ្រឿងញៀន និងរក្សាសុវត្ថិភាពសង្គម។

សម្តេចធិបតី ណែនាំដល់អ្នកសារព័ត៌មានបន្តចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលមានចរិតបំពុលសង្គមអាចធ្វើឱ្យប្រទេសជាតិ អស្ថិរភាពនយោបាយ ចលាចល ភាពវឹកវរ និងបាត់បង់សណ្តាប់ធ្នាប់សង្គម។

សម្តេចធិបតី ណែនាំដល់អ្នកសារព័ត៌មានប្រកាន់ខ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈ ផ្សាយព័ត៌មានពិត មានតុល្យភាព គ្រប់ជ្រុងជ្រោយ ចៀសវាងការផ្សព្វផ្សាយព័ត៌មានដែលធ្វើឱ្យខូចផលប្រយោជន៍ជាតិ និងបាត់បង់ទំនុកចិត្តពីសាធារណជន។

សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់បងប្អូនអ្នកសារព័ត៌មានទាំងអស់នាពេលកន្លងមក និងជាពិសេសក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្នុងការលើកកម្ពស់គុណភាពព័ត៌មានឱ្យកាន់តែមានប្រសិទ្ធភាព។

សម្តេចធិបតី លើកទឹកចិត្តបន្ថែមទៀតចំពោះអ្នកសារព័ត៌មានទាំងអស់ក្នុងការបន្តអនុវត្តនូវភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីរួមចំណែកអភិវឌ្ឍវិស័យព័ត៌មានឱ្យកាន់តែរីកចម្រើន។
សម្តេចធិបតី បានថ្លែងថា មន្ត្រីខ្លះស៊យ៣០ឆ្នាំហើយមិនដែលបានមេដាយការងារទេ។

សម្តេចធិបតី ណែនាំឱ្យគ្រប់ក្រសួងស្ថាប័នទាំងអស់ត្រូវពិនិត្យពីការផ្តល់មេដាយ ឬប័ណ្ណសរសើរដល់មន្ត្រី ក៏ដូចជាប្រជាពលរដ្ឋមានស្នាដៃក្នុងសង្គម៕

Leave a Reply

Your email address will not be published. Required fields are marked *