(ភ្នំពេញ)៖ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់នៃក្រសួងព័ត៌មាន នឹងត្រូវអនុវត្តកាតព្វកិច្ចធ្វើតេស្តរកសារធាតុញៀន នៅថ្ងៃទី០៧-០៨ ខែឧសភា ឆ្នាំ២០២៤។
-នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងព័ត៌មាន ដែលចុះកាលបរិច្ឆេទនៅថ្ងៃទី០៣.០៥.២០២៤។
នៅក្នុងសេចក្តីជូនដំណឹងនោះ ក្រសួងព័ត៌មាន បានលើកឡើងថា៖អនុលោមតាមបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីការ ដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាល ថ្នាក់ក្រោមជាតិ ក្រសួងព័ត៌មាន បានសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ។
ដើម្បីរៀបចំធ្វើ តេស្តរកសារធាតុញៀនជូនថ្នាក់ដឹកនាំ ទីប្រឹក្សានិងជំនួយការ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់។
ក្នុងន័យនេះ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី មេត្តាផ្តល់កិច្ចសហការ ដើម្បីអនុវត្តកាតព្វកិច្ច តាមការកំណត់កុំបីខាន៕