(កោះកុង)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សន្តិសុខថាមពល គឺជាកត្តាសំខាន់ខ្លាំងបំផុតសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ជាតិ ។
ព្រោះថាមពលអគ្គិសនីនេះ គឺជាវិស័យអាទិភាពមួយដ៏ធំផងដែរ ក្នុងវិស័យអាទិភាពដទៃទៀត ក្នុងយុទ្ធសាស្រ្តបច្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ។
សម្តេចធិបតី បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹង និងបើកការដ្ឋានសាងសង់ ទំនប់វារីអគ្គីសនីស្ទឹងតាតៃលើ ដែលមានអនុភាព១៥០មេហ្គាវ៉ាត់ នៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការអភិវឌ្ឍសេដ្ឋកិច្ច គឺមិនអាចចោលបាននូវវិស័យថាមពលអគ្គិសនីនោះឡើយ ដូច្នេះរាជរដ្ឋាភិបាលបានដាក់គោលដៅច្បាស់លាស់ក្នុងការជំរុញវិស័យថាមពលអគ្គិសនីនេះជានិច្ច ។
ដោយនឹងធ្វើការពង្រីកជាបន្តបន្ទាប់ ដើម្បីបង្រ្គប់តម្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកវិនិយោគទុនទាំងអស់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា រាជរដ្ឋាភិបាលបានខិតខំរកប្រភពទាំងអស់ ដើម្បីស្វែងរកថាមពលអគ្គិសនី ។
ខណៈសម្តេចចាត់ទុកថា សន្តិសុខថាមពលនេះគឺជាកត្តាសំខាន់បំផុត សម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងសេដ្ឋកិច្ចខ្មែរទាំងមូល ហើយរាជរដ្ឋាភិបាលនឹងព្យាយាមគ្រប់យ៉ាងដើម្បី ធ្វើយ៉ាងណាកុំឲ្យភ្លើងអគ្គិសនីនេះមានព្រឹកអត់ល្ងាច មានល្ងាចអត់យប់៕