គ្រូពេទ្យស្ម័គ្រចិត្តបរទេសប្រមាណ២០០នាក់ បើកយុទ្ធនាការពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃនៅកំពង់ចាម!

(ភ្នំពេញ)៖ គ្រូពេទ្យស័្មគ្រចិត្តមកពីប្រទេសអូស្រ្តាលី ជប៉ុន កូរ៉េ និងក្រុងតៃប៉ិ ប្រទេសចិន ចំនួនប្រមាណ២០០នាក់ បានចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋជាង៥ពាន់នាក់ នៅឃុំសណ្ដែក ស្រុកបាធាយ ខេត្តកំពង់ចាម។
ក្នុងន័យសប្បុរសធម៌ និងលើកកម្ពស់សុខុមាលភាពសាធារណៈជូនដល់ប្រជាពលរដ្ឋដោយស្មើភាពគ្នា និងមិនមានការរើសអើង។

នៅក្នុងវេទិកាសប្បុរសធម៌ ក្រោមកិច្ចសហការ រវាងសមាគមមូលនិធិទ្រទ្រង់ការអភិវឌ្ឍនៅកម្ពុជា និង Rotary នៅល្ងាចថ្ងៃទី៣០ ខែវិច្ឆិកានេះ លោកឧកញ៉ា លី ឃុនថៃ ប្រធានកិត្តិយស សមាគមមូលនិធិទ្រទ្រង់ការអភិវឌ្ឍនៅកម្ពុជា បានមានប្រសាសន៍ថា កម្មវិធីសប្បុរសធម៌នេះ នឹងចាប់ផ្ដើមពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ខាងមុខ ដោយនៅថ្ងៃទី១ ខែធ្នូ សមាគមនឹងរៀបចំក្រុមការងារនាំយកសម្ភារៈសិក្សាជាកាតាបស្ពាយ ផ្ដល់ជូនសិស្សានុសិស្សចំនួន ១,២០០នាក់។
ហើយនៅថ្ងៃទី២ និងថ្ងៃទី៣ ខែធ្នូ ក្រុមគ្រូពេទ្យទាំងអស់ នឹងបំពេញបេសកកម្មផ្ដល់ការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ។

លោកឧកញ៉ា បានលើកឡើងបន្តថា កម្ពុជា ជាប្រទេសដែលមានសន្តិភាពពេញលេញ ស្ថេរភាព សន្តិសុខ និងសុវត្ថិភាព ក្រោមការដឹកនាំដ៏មោះមុត និងឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាកត្តាសក្ដានុពល។
ដែលជួយដល់សមាគមអាចកសាងទំនុកចិត្តជូនដល់ក្រុមគ្រូពេទ្យវេជ្ជសាស្ត្រដែលមានវិជ្ជាជីវៈ និងបទពិសោធន៍ជាច្រើនឆ្នាំមកពីប្រទេសផ្សេងៗគ្នា បានចូលមកក្នុងប្រទេសកម្ពុជាដោយស្ម័គ្រចិត្ត និងកំពុងមានវត្តមាននៅទីនេះប្រកបដោយភាពសប្បាយរីករាយ។

អញ្ញើញជាអធិបតីក្នុងកម្មវិធីនាឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្តែងការកោតសរសើរ សកម្មភាពរបស់ក្រុមគ្រូពេទ្យស្ម័គ្រ ដែលនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាជួយរួមចំណែកលើកស្ទួយវិស័យសុខាភិបាល នៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តម បានបន្តថា វិស័យសុខាភិបាល ជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពនានា របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។

សូមជម្រាបជូនថា សមាគមមូលនិធិទ្រទ្រង់ការអភិវឌ្ឍនៅកម្ពុជា បានបង្កើតឡើងនៅក្នុងឆ្នាំ២០១៨ ដោយមានគោលបំណងសំខាន់ៗ ផ្ដោតលើការលើកកម្ពស់ជីវភាព សុខុមាលភាពប្រជាជន ផ្ដើមចេញពីការចូលរួមបណ្ដុះបណ្ដាលធនធានមនុស្ស និងជាពិសេសរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឲ្យកាន់តែរីកចម្រើនជាលំដាប់។

កន្លងមក សមាគមនេះ បានចូលរួមជួយឧបត្ថម្ភដល់ការសិក្សារបស់សិស្សានុសិស្ស និងនិស្សិតច្រើនរូបជាប្រចាំរៀងរាល់ឆ្នាំ ដើម្បីជម្រុញការអភិវឌ្ឍចំណេះ ជំនាញ ដែលជាធនធានសំខាន់សម្រាប់សង្គម និងប្រទេសជាតិ។

ក្រៅពីកត្តាលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស សមាគមក៏បានផ្ដោតលើការលើកកម្ពស់ សុខុមាលភាពសាធារណៈរបស់ប្រជាពលរដ្ឋផងដែរ ព្រោះថាការថែរក្សាសុខភាពបានល្អប្រសើរ ជាកត្តាចម្បងសម្រាប់ប្រជាពលរដ្ឋ៕

Leave a Reply

Your email address will not be published. Required fields are marked *