(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានការផ្ដល់សិទ្ធិ ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ។
លោក គី តិច ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានមេធាវីរាជរដ្ឋាភិបាល កាលពីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ បានជួបជាមួយជនរងគ្រោះជាង២០០នាក់ ពាក់ព័ន្ធសំណុំរឿងក្រុមហ៊ុនរបស់ អតីតឧកញ៉ា ឡេង ចាន់ណា ។
ក្នុងនោះ លោក គី តិច បានអះអាងថា បន្ទាប់ពិតទទួលបានការប្រគល់សិទ្ធិពីសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្រុមមេធាវីរាជរដ្ឋាភិបាល បានចាត់ចែងក្រុមការងារបន្ទាន់ភ្លាមៗ ដើម្បីផ្ដល់មធ្យោបាយជូនប្រជាពលរដ្ឋដែលជាជនរងគ្រោះ។
លោកបញ្ជាក់ថា ការជួបជាមួយប្រជាពលរដ្ឋជាង២០០នាក់នៅពេលនេះ គ្រាន់តែជាជំហានដំបូងតែប៉ុណ្ណោះ។
លោកបានថ្លែងថា ក្នុងរយៈពេល៥ថ្ងៃមកនេះ មានប្រជាពលរដ្ឋជាង២.០០០នាក់ បានទាក់ទងមកកាន់ក្រុមមេធាវីរាជរដ្ឋាភិបាល។
បើតាមលោក គី តិច, ការជួបប្រជាពលរដ្ឋរងគ្រោះនៅពេលនេះ ធ្វើឡើងក្នុងគោលបំណងធំៗចំនួន២ រួមមាន ទី១៖ ការប្រគល់សិទ្ធិជាតំណាងដោយស្របច្បាប់ជូនមេធាវី តាមរយៈការផ្ដិតមេដៃដោយស្ម័គ្រចិត្ត និងទី២៖ ប្រមូលយកភស្ដុតាងដែលបញ្ជាក់ថា ពួកគាត់ជាជនរងគ្រោះយ៉ាងពិតប្រាកដ។
លោក គី តិច បានបន្ថែមទៀតថា កន្លងមកសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា តែងតែតាមដានជាប់ជាប្រចាំចំពោះការវិវឌ្ឍន៍ថ្មីៗក្នុងសំណុំរឿងនេះ។
លោកបន្តថា កន្លងមកការយកចិត្តទុកដាក់បង្ហាញឲ្យបានឃើញ តាមរយៈចាប់ជនពាក់ព័ន្ធ និងបញ្ចប់មុខងារឧកញ៉ា និងកំពុងស្វះស្វែងគ្រប់ផ្នែកទាំងអស់ ដើម្បីជួយជនរងគ្រោះ។
លោក គី តិច បានសង្កត់ធ្ងន់ថា ការប្រគល់សិទ្ធិដោយស្របច្បាប់នៅពេលនេះ ដើម្បីឲ្យមេធាវីរាជរដ្ឋាភិបាលតតាំងក្ដីតាមផ្លូវតុលាការ គឺមិនតម្រូវឲ្យមានការបង់ប្រាក់នោះទេ៕