Update៖ អគ្គនាយកដ្ឋានគយ បំភ្លឺជុំវិញករណីចុះដកហូតទូរស័ព្ទអត់ពន្ធនាំចូល នៅស្រុកមេមត់!

(ភ្នំពេញ)៖ ក្រោយមានប្រតិកម្មពីមហាជន ពាក់ព័ន្ធការចុះអនុវត្តច្បាប់ពន្ធគយ របស់ការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ ទៅលើអាជីវករ អ្នកលក់ទូរស័ព្ទ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ នោះមក។
នៅថ្ងៃទី៣១.០៥.២០២៤ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(អគរ) បានចេញលិខិតបំភ្លឺចំពោះការអនុវត្តច្បាប់ពន្ធគយ ក្នុងបំណងបង្កើនចំណូលរដ្ឋ…!។

-ក្នុងលិខិតបំភ្លឺនោះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា«នាពេលថ្មីៗកន្លងមកនេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) កត់សម្គាល់ឃើញមានការចុះផ្សាយ តាមសារព័ត៌មាន និងតាមប្រព័ន្ធបណ្តាញសង្គមមួយចំនួន អំពីការចុះចាប់និងដកហូតទូរសព្ទគ្មានពន្ធនាំចូលពី ទីតាំងអាជីវកម្មមួយចំនួនដែលស្ថិតនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ពាក់ព័ន្ធនឹងការចុះផ្សាយដូចខាងលើនេះ អគរ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ការចុះចាប់និងដកហូតទូរសព្ទខាងលើនេះជាផ្នែកមួយនៃប្រតិបត្តិការចុះត្រួតពិនិត្យអនុលោមភាពចុងទី ដែល អនុវត្តឡើងដោយការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៦ សហការជាមួយមន្ត្រីកងរាជអាវុធហត្ថលើ ផ្ទៃប្រទេស, មន្ត្រីនៃស្នងការដ្ឋាននគរបាល, និង អាជ្ញាធរមូលដ្ឋានក្រោមកិច្ចសម្របសម្រួលព្រះរាជអាជ្ញាអម សាលាដំបូងខេត្តត្បូងឃ្មុំ។

ក្នុងប្រតិបត្តិការនេះ កម្លាំងចម្រុះបានចុះឆែកឆេរនិងត្រួតពិនិត្យទីតាំងអាជីវកម្មដ្ឋាន ចំនួន ៥ ទីតាំង នឹងចាប់ឃាត់បានទំនិញល្មើសច្បាប់គយចម្រុះរួមមាន ទូរសព្ទ, ប្រេងម៉ាស៊ីន, និងគ្រឿងអគ្គិសនី មួយចំនួន។

អគរ សូមជម្រាបសាធារណជនជ្រាបថា អនុលោមតាមមាត្រា ៨ នៃច្បាប់ស្តីពីគយជាធរមាន, ប្រកាស លេខ ៣៨៩ សហវ. គរ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ប្រកាសលេខ ៧៣៥ សហវ.តរ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, មុខទំនិញ ទូរសព្ទ ត្រូវបាន ចាត់ជា ទំនិញកំណត់ពិសេស ដែលជាកម្មវត្ថុនៃការបិទត្រាពន្ធគយ។

ជាក់ស្តែង នាពេលចុះធ្វើអនុលោមភាពនៅ តាមទីតាំងអាជីវកម្មដ្ឋានខាងលើ មន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចពិនិត្យឃើញថាមាន ទូរស័ព្ទស្មាតហ្វូនថ្មី ចំនួន ៣៥៦ គ្រឿង និងទូរស័ព្ទប្រើរួច ចំនួន ៩៥៥ គ្រឿង ពុំមានបិទត្រាពន្ធគយនិងពុំមានឯកសារបញ្ជាក់ពីប្រភព ស្របច្បាប់។

បច្ចុប្បន្ន ទូរសព្ទទាំងនេះត្រូវបាននាំយកមកថែរក្សាទុកជាបណ្តោះអាសន្ននៅ ទីតាំងឈរជើង របស់ ការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៦ ស្ថិតនៅភូមិ ហួច ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីធ្វើកំណត់ហេតុល្មើសច្បាប់គយទៅតាមនីតិវិធី។

ចំពោះទូរសព្ទប្រើរួចដែលត្រូវបានរកឃើញថាជាទំនិញទិញដូរ ក្នុងស្រុក នោះអង្គភាពគយនិងរដ្ឋាករមានសមត្ថកិច្ចនឹងប្រគល់ជូនម្ចាស់វិញ។

សូមជម្រាបជូនសាធារណជនមេត្តាជ្រាបផងដែរថា កន្លងមក អគរ តែងចុះផ្សព្វផ្សាយជាប្រចាំ ក្នុងការបញ្ជ្រាប ការយល់ដឹងដល់អាជីវករតាមអាជីវកម្មដ្ឋាននានា តាមរាជធានី-ខេត្ត ឱ្យស្វែងយល់ពីកាតព្វកិច្ចពន្ធ-អាករនាំចូល ជាពិសេសការតម្រូវឱ្យមានត្រាគយលើទំនិញកំណត់ពិសេសដូចជា ទូរសព្ទ និងគ្រឿងអេឡិកត្រូនិចមួយចំនួន ហើយក៍មានការបិទផ្សាយខិតបណ្ណអំពីការអនុវត្តកាតព្វកិច្ចពន្ធ-អាករនេះនៅតាមអាជីវកម្មដ្ឋានផងដែរ។

ជាចុងបញ្ចប់ អគរ សូមអំពាវនាវឱ្យគ្រប់អង្គភាព ស្ថាប័នពាក់ព័ន្ធ និងបណ្តាញសារព័ត៌មាន និងអ្នកប្រើប្រាស់ បណ្តាញសង្គមមេត្តាចូលរួមគាំទ្រអនុវត្តច្បាប់តាមរយៈការជួញដូរ និងប្រើប្រាស់ទំនិញដែលបានបំពេញកាតព្វកិច្ច

ពន្ធនិងអាករត្រឹមត្រូវដើម្បីចូលរួមលើកកម្ពស់វប្បធម៌សារពើពន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងទាំងអស់គ្នា»។

សូមជម្រាបថា៖ ការចុះអនុវត្តច្បាប់ពន្ធគយ ពីសំណាក់ការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ ត្រង់ចំណុចខាងលើ បានធ្វើឡើង កាលពីថ្ងៃទី៣០.០៥.២០២៤កន្លងទៅថ្មីៗនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *