ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃសុក្រថា៖ កងទ័ពរុស្ស៊ីជិត៧០០.០០០នាក់ កំពុងប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែន ។
លោកបញ្ជាក់បែបនេះ បន្ទាប់ពីរុស្ស៊ីកាលពីខែឧសភា បានបើកប្រតិបត្តិការវាយលុកជាថ្មី ក្នុងតំបន់ Kharkiv ស្ថិតនៅភាគឦសានរបស់អ៊ុយក្រែន។
-នេះបើតាមសារព័ត៌មាន AFP។
នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីខែធ្នូ ឆ្នាំ២០២៣ លោក ពូទីន ធ្លាប់បានឱ្យដឹងដែរថាកងទ័ពរុស្ស៊ី ៦១៧.០០០នាក់កំពុងប្រយុទ្ធក្នុងសង្រ្គាមនៅអ៊ុយក្រែន ។
ដែល លោកខាងលិច និងទីក្រុងកៀវចាត់ទុកថាជាការឈ្លានពានខុសច្បាប់។
ជាថ្មីម្ដងទៀត ក្នុងជំនួបមួយផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃសុក្រ លោក ពូទីន បានគូសបញ្ជាក់ដូច្នេះថា នៅក្នុងតំបន់នៃប្រតិបត្តិការយោធាពិសេសរបស់យើង គឺមានកងទ័ពជិត៧០០.០០០នាក់។
រុស្ស៊ី កម្រនឹងនិយាយពីចំនួនកងទ័ពស្លាប់ និងរបួសនៅក្នុងសង្រ្គាមអ៊ុយក្រែនណាស់ ។
ដោយកាលពីខែកញ្ញា ឆ្នាំ២០២២ មូស្គូ ថាកងទ័ពរបស់ខ្លួន ៥៩៣៧នាក់ បានស្លាប់នៅលើសមរភូមិ។
ប៉ុន្តែ អ្នកវិភាគលោកខាងលិចជឿថាទាហានរុស្ស៊ីស្លាប់ និងរងរបួសមានដល់រាប់សែននាក់ឯណោះ។
ចំណែក ខាងអ៊ុយក្រែនវិញ លោកប្រធានាធិបតី ហ្សេលេនស្គី បានឱ្យដឹងថា កាលពីខែកុម្ភៈ ឆ្នាំ២០២៤ កងទ័ពអ៊ុយក្រែន ៣១.០០០នាក់បានស្លាប់ នៅក្នុងសង្គ្រាម៕