(កំពង់ធំ)៖ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារ គ្រប់គ្រង និងបង្ក្រាបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ បានដឹកនាំកងកម្លាំងទាំងបី មន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធ ទៅត្រួតពិនិត្យសកម្មភាពការកាប់ទន្ទ្រានព្រៃឈើ យកដីធ្វើកម្មសិទ្ធិ របស់ក្រុមជនល្មើសមួយចំនួនក្នុងភូមិសាស្ត្រព្រៃឡង់ នៅតំបន់អូររកាយ ស្ថិតក្នុងឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
លោក គង់ វ៉ាន់ មន្ត្រីបរិស្ថានខេត្ត ប្រចាំការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ជាមួយកងកម្លាំងចម្រុះ ប្រចាំការនៅតំបន់អូរឃ្មង និងត្រពាំងប្រើស បានបញ្ជាក់ថា តំបន់ដែលមានការកាប់បំផ្លាញនេះឈ្មោះហៅថាតំបន់អូររកាយ ស្ថិតនៅក្នុងឃុំសុចិត ស្រុកសណ្ដាន់ខេត្តកំពង់ធំ ដែលមានផ្ទៃដីប្រមាណជាង១០ហិកតា ក្នុងនោះផ្ទៃដី ដែលមានការកាប់ទន្ទ្រានថ្មី នៅក្នុងចន្លោះ មុនពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារ គ្រប់គ្រង និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ ។
បានណែនាំដល់មន្ត្រីជំនាញ ដែលមានការពាក់ព័ន្ធ រួមជាមួយកងកម្លាំងចម្រុះ ត្រូវគ្រប់គ្រងឲ្យបាននូវផ្ទៃដីដែលបានកាប់ទន្ទ្រានយកដោយខុសច្បាប់ទាំងនេះ ឲ្យបានគង់វង្ស នឹងត្រូវស្រាវជ្រាវវែករកមុខសញ្ញាជនល្មើស ។
ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន ដោយគ្មានការលើកលែងឡើយ៕