ណាតូ បារម្ភខ្លាចរុស្ស៊ី គាំទ្រកម្មវិធីមីស៊ីល និងនុយក្លេអ៊ែរ របស់កូរ៉េខាងជើង!

ប្រធានសម្ព័ន្ធយោធា ណាតូ (NATO) បាននិយាយកាលពីថ្ងៃអង្គារ ១៨ មិថុនាថា៖ អង្គការណាតូ កំពុងព្រួយបារម្ភ អំពីការគាំទ្រដែលរុស្ស៊ី អាចផ្តល់ឱ្យសម្រាប់កម្មវិធីមីស៊ីល និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ។
ខណៈប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានចាប់ផ្តើមដំណើរទស្សនកិច្ចលើកដំបូងនៅប្រទេសផ្ដាច់ខ្លួន ដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរមួយនេះ ក្នុងរយៈពេល២៤ឆ្នាំ។

លោក ពូទីន ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋសម្រាប់កិច្ចពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (Kim Jong Un) បានប្តេជ្ញាធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្ម និងសន្តិសុខកាន់តែស៊ីជម្រៅ និងគាំទ្រកូរ៉េខាងជើងប្រឆាំងនឹងសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់គូប្រជែងដ៏ជូរចត់របស់ខ្លួនគឺកូរ៉េខាងត្បូង។
អាមេរិក បានចោទកូរ៉េខាងជើង ថាបានផ្គត់ផ្គង់មីស៊ីលបាលិស្ទិករាប់សិបគ្រាប់ និងគ្រាប់រំសេវជាង ១១.០០០កុងតឺន័រដល់រុស្ស៊ី សម្រាប់ប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែន។

អគ្គលេខាធិការអង្គការណាតូ លោក ជេនស៍ ស្តុលថិនប៊ឺក (Jens Stoltenberg) បានប្រាប់សន្និសីទសារព័ត៌មានរួមមួយ បន្ទាប់ពីកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្លីងខិន (Antony Blinken) ថា សង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន កំពុងត្រូវបានជំរុញដោយចិន កូរ៉េខាងជើង និងអ៊ីរ៉ង់ ដែលចង់ឃើញសម្ព័ន្ធភាពលោកខាងលិចបរាជ័យ។

លោក ស្តុលថិនប៊ឺក បាននិយាយថា យើងពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីលទ្ធភាពនៃការគាំទ្រដែលរុស្ស៊ី ផ្តល់ឱ្យកូរ៉េខាងជើង ជុំវិញកម្មវិធីមីស៊ីល និងនុយក្លេអ៊ែររបស់ពួកគេ។

នៅឯសន្និសីទសារព័ត៌មានជាមួយប្រមុខអង្គការណាតូរូបនេះ លោក ប្លីងខិន បាននិយាយថា ដំណើរទស្សនកិច្ចទៅទីក្រុងព្យុងយ៉ាង របស់លោក ពូទីន គឺជាសញ្ញានៃ ភាពអស់សង្ឃឹម របស់ខ្លួនក្នុងការពង្រឹងទំនាក់ទំនងជាមួយប្រទេសដែលអាចគាំទ្រសង្គ្រាមរបស់លោកនៅអ៊ុយក្រែន៕

Leave a Reply

Your email address will not be published. Required fields are marked *