(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា ទោះបីប្រទេសជាតិមានការរីកចម្រើនយ៉ាងណាក្តី ក៏រាជរដ្ឋាភិបាលនៅតែចងចាំជានិច្ច និងរំឭកដឹងគុណដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ។
ក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤) និងពិធីបញ្ចុះបឋមសិលាសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម (X16) ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ទោះបីជាប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យយ៉ាងណាក្តី ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជានៅតែដឹងគុណជានិច្ចចំពោះបុព្វហេតនៃការលះបង់គ្រប់បែបយ៉ាងចំពោះបងប្អូនជនរួមជាតិទាំងអស់ តាមរយៈការរៀបចំទិវានៃការចងចាំនេះជារៀងរាល់ឆ្នាំ ដើម្បីអរគុណជាមួយពុកម៉ែ បងប្អូនក្មួយៗអ្នកភូមិកោះថ្ម ដែលតែងតែមានជំនឿជឿជាក់ចំពោះសម្តេចតេជោ ហ៊ុន សែន តាំងពីដើមមក ចាប់តាំងពីឆ្នាំ១៩៧០ដល់ឆ្នាំ២៩៧៥ ដល់ឆ្នាំ១៩៧៧ ហើយនៅឆ្នាំ២០២២ ២០២៣កន្លងមក។
សម្តេចធិបតី បានបន្តថា បងប្អូនជនរួមជាតិទាំងអស់នៅកោះថ្ម នៅតែបន្តគាំទ្រដល់គណបក្សប្រជាជនកម្ពុជា តាមរយៈការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នៃរដ្ឋសភា។
សម្តេចធិបតី បានបញ្ជាក់ថា ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីរំលឹកដល់ស្លាកស្នាមប្រវត្តិសាស្ត្រដ៏មានគុណតម្លៃសម្រាប់ជាតិ និងប្រជាជន និងវីរភាពរបស់ យុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋគ្រប់ ក្នុងការតស៊ូដើម្បីជាតិ និងប្រជាជន។
សម្តេចធិបតី បានបញ្ជាក់បន្ថែមថា ពលីកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់ យុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋគ្រប់ដំណាក់កាលនៃប្រវិត្តសាស្ត្រ គឺបានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាងសុខសន្តិភាព និងស្ថេរភាពសង្គម សម្រាប់ព្រះរាជាណាចក្រកម្ពុជា សំដៅធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដើម្បីឧត្តមប្រយោជន៍សម្រាប់ជាតិ មាតុភូមិនិងប្រជាជនកម្ពុជាយើង។
នៅថ្ងៃទី២០ ខែ មិថុនា ឆ្នាំ២០២៤ នេះ គឺជាខួបគម្រប់ ៤៧ឆ្នាំ នៃដំណើរតស៊ូឆ្ពោះទៅរកការរំដោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ដើម្បីរំដោះជាតិ និងប្រជាជនកម្ពុជាចេញពីការកាប់ សម្លាប់របស់ខ្មែរក្រហម កាលពីថ្ងៃទី២០ខែមិថុនា ឆ្នាំ១៩៧៧ ជាពេលដែលសមមិត្ត ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រ ស្មោះ ៤រូបផ្សេងទៀត បានសម្រេចចិត្តក្នុងស្ថានភាពដ៏តានតឹងបំផុតចាកចេញពីទឹកដី ចាកចេញពីឧត្តមភរិយានិងកូនក្នុងផ្ទៃជាទីស្រឡាញ់ ធ្វើដំណើរជ្រែកស្បៃរាត្រីឆ្លងកាត់ព្រំដែនទាំងគ្រោះថ្នាក់បំផុត ឆ្ពោះទៅកាន់ប្រទេសវៀតណាម ។
ដើម្បីស្វែងរកការគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុលពត។
ដោយផ្តើមចេញពីដំណើរតស៊ូជាមួយទឹកចិត្តដ៏មុះមុតនោះហើយ ទើបនាំឱ្យមាន ការរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជា ចេញពីរបបវាលពិឃាត ប៉ុល ពត នៅថ្ងៃទី០៧ ខែមករា ឆ្នាំ ១៩៧៩ ហើយឈានឆ្ពោះទៅរកការបិទបញ្ចប់ភ្លើងសង្គ្រាម នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងការកសាងអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនរហូតមកដល់បច្ចុប្បន្ន។
ជាមួយគ្នានេះ ដើម្បីរម្លឹកដល់ស្លាក ស្នាមប្រវត្តិសាស្ត្រដ៏មានគុណតម្លៃសម្រាប់ជាតិ និងប្រជាជន និងដើម្បីគាស់រំលើងឱ្យឃើញនូវវីរភាពរបស់កុលបុត្រខ្មែរក្នុងការតស៊ូដើម្បីជាតិ និងប្រជាជនសម្រាប់កុលបុត្រខ្មែរជំនាន់ក្រោយនោះ នៅឆ្នាំ២០១៧ ដែលជាខួប ៤០ឆ្នាំនៃការចេញតស៊ូនេះ សម្តេចតេជោ ហ៊ុន សែន រួមនឹងយុទ្ធមិត្តដែលនៅមានជីវិត បានធ្វើដំណើររួមគ្នាទៅកាន់គ្រប់ចំណុចក្នុងដំណាក់កាលតស៊ូនោះ។
ចាប់តាំងពីឆ្នាំ២០១៧ នោះមក ក្រសួងការពារជាតិ ក៏បានទទួលភារកិច្ចរៀបចំប្រារព្ធពិធីមួយនេះជារៀងរាល់ឆ្នាំផងដែរ៕