(ភ្នំពេញ)៖ ក្មេងតូច២នាក់បងប្អូនជិៈកង់ដើរលេង ហើយបានរអិលដួលធ្លាក់ចូលក្នុងប្រឡាយទឹកស្អុយ បាត់ខ្លួនម្នាក់នោះ ពេលនេះត្រូវរកឃើញសពហើយ។
ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលនៅម្តុំប្រឡាយទឹកស្អុយ អូរវែង ខាងត្បូងវត្តទួលសន្តិវ័ន ហៅវត្តទួលអស់លោក ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ កាលពីរសៀលថ្ងៃទី១ ខែធ្នូ។
មន្ត្រីនគរបាលប៉ុស្តិ៍បានឱ្យដឹងថា ក្មេងដែលស្លាប់ឈ្មោះ សុខ វិច្ឆិកា ហៅប៊ី អាយុ៦ឆ្នាំ ឪពុកឈ្មោះ ទុយសុវណ្ណរ៉ា អាយុ៣២ឆ្នាំនៅជិតសាលាបឋមសិក្សាពញាក្រែក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។
មុនកើតហេតុក្មេងរងគ្រោះបានជិៈកង់ជាមួយបងប្រុសឈ្មោះសុខ វិហ្សា អាយុ១១ឆ្នាំជាសិស្សថ្នាក់ទី៤។
ពេលជិៈកង់ដល់មុខបុរីសម្បត្តិមាស មាន រថយន្តមកពីមុខក្មេងប្រុស បានចាប់ហ្វ្រាំងបង្អង់ល្បឿន។
តែអកុសលកង់ក៏បានរអិលធ្លាក់ចូល ក្នុងប្រឡាយទឹកអូរវែងទាំង២នាក់បងប្អូន។
ភ្លាមៗនោះបងប្រុសក៏បានស្រវ៉ាតោង ឡើងគោករួចផុតពីគ្រោះថ្នាក់ដល់ជីវិត ដោយឡែកប្អូនប្រុសក៏លិចហូរតាមទឹកបាត់តែម្តង។
បន្ទាប់ពីមានហេតុការណ៍ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ហើយរាយការណ៍ទៅសមត្ថកិច្ចចុះមកអន្តរាគមន៍។
រីឯឪពុកម្តាយក្មេងប្រុស បានមកដល់កន្លែងកើតហេតុក៏មានការសោកសង្រេង ដង្ហោយរកកូនយ៉ាងអណោចអធ័មបំផុត។
រហូតមកដល់ម៉ោង៨យប់ថ្ងៃដដែលត្រូវបានកងរុករក និងសង្គ្រោះនៃអង្គភាព៧១១ កងពលតូចលេខ៧០ បានរកឃើញសពក្មេងតូចនោះ។ក្រោយមកសពត្រូវបានប្រគល់ឱ្យក្រុមគ្រូសារយកទៅធ្វើបុណ្យ៕