សូមជម្រាបថា អ្នកគោរពបូជាសាសនារាប់ពាន់នាក់ បានសម្រុកចូលទៅជិតគ្រូផ្តល់ឱវាទសាសនាហិណ្ឌូម្នាក់។
ដែលបានរុញច្រានគ្នា និងរុញគ្នានៅលើដីរអិល នៅមុនពេលជាន់គ្នានៅកន្លែងមានមនុស្សចង្អៀត ក្នុងប្រទេសឥណ្ឌា។
បណ្តាលឲ្យមនុស្ស១២១នាក់ស្លាប់ ហើយនគរបាល បានតាមចាប់ខ្លួនអ្នករៀបចំកម្មវិធី…!។
ការរត់ជាន់គ្នា បានកើតឡើងកាលពីថ្ងៃអង្គារ នៅក្នុងស្រុក Hathras ក្នុងរដ្ឋ ឧតារៈប្រទេស(Uttar Pradesh) ភាគខាងជើង ដែលមានប្រជាជនរស់នៅច្រើន ជាកន្លែងដែលគ្រូផ្តល់ឱវាទ លោក ស៊ូរាច ប៉ាល ស៊ីង(Suraj Pal Singh) បានជួបជុំក្រុមសាសនាប្រចាំខែ។
នគរបាលនិយាយថា មនុស្សប្រហែល ២៥០.០០០នាក់ បានប្រមូលផ្តុំគ្នា នៅទីតាំងមួយកន្លែងនៅជិតផ្លូវហាយវ៉េ ទោះបីជាអាជ្ញាធរ បានផ្តល់ការអនុញ្ញាតសម្រាប់មនុស្សត្រឹមតែ ៨០.០០០នាក់ ក៏ដោយ ។
យ៉ាងហោចណាស់មនុស្ស ១២១ នាក់បានស្លាប់ និង៣១នាក់រងរបួស ដោយក្នុងនោះមានស្ត្រីចំនួន ១១២ នាក់ និងកុមារ ៧នាក់ ។
សាក្សី បានប្រាប់សារព័ត៌មានរ៉យទ័រ កាលពីថ្ងៃពុធថា៖ បញ្ហាបានចាប់ផ្តើមបន្ទាប់ពីក្រុមគោរពបូជានៅពេលរសៀល បានបញ្ចប់ ហើយគ្រូផ្តល់ឱវាទ កំពុងចាកចេញពីកន្លែងប្រារព្ធពិធី ជិះនៅក្នុងរថយន្តរបស់លោក។
បុរសម្នាក់អាយុ២២ឆ្នាំ បាននិយាយថា ផ្លូវចូល និងច្រកចេញ នៅកន្លែងនោះធំល្មមសម្រាប់មនុស្សត្រឹមតែ ១០ ឬ២០នាក់ប៉ុណ្ណោះ ដែលអាចធ្វើដំណើរឆ្លងកាត់ក្នុងពេលតែមួយបាន ។
ប៉ុន្តែមនុស្សរាប់ពាន់នាក់បានសម្រុកចូលទៅ នៅពេលដែលរថយន្តរបស់គ្រូផ្តល់ឱវាទ បានចាកចេញ ដោយរត់តាមរថយន្តរបស់លោកដោយថ្មើរជើង ដើម្បីមើលលោកឱ្យបានកាន់តែច្បាស់និងជិត៕