លោកប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយថា ខ្ញុំមិនទៅណាទេ “I’m not going anywhere” ។
ខណៈលោកប្រឈមកាន់តែខ្លាំងទៅនឹងការអំពាវនាវ ដោយសមាជិកគណបក្សប្រជាធិបតេយ្យជាច្រើន ឲ្យលោកបោះបង់ចោលការប្រកួតប្រជែងការបោះឆ្នោតអាណត្តិថ្មី របស់ខ្លួន ។
ការលើកឡើងនេះ គឺក្នុងពិធីទិវាបុណ្យឯករាជ្យ៤កក្កដា កាលពីថ្ងៃព្រហស្បតិ៍ទី ៤ ខែកក្កដា ដើម្បីឆ្លើយតបទៅនឹងការមន្ទិលសង្ស័យអំពីភាពរឹងមាំទាំងផ្លូវកាយ និងផ្លូវចិត្តរបស់លោក ដើម្បីបន្តយុទ្ធនាការសម្រាប់ការបោះឆ្នោតនៅខែវិច្ឆិកាឆ្នាំនេះ ។
ការបង្ហាញភាពរង្គោះរង្គើ របស់អ្នកប្រជាធិបតេយ្យវ័យ៨១ ឆ្នាំ នៅឯការជជែកដេញដោលកាលពីថ្ងៃទី ២៧ ខែមិថុនា ជាមួយគូប្រជែងមកពីគណបក្សសាធារណរដ្ឋលោក Donald Trump មានន័យថារាល់ការលេចមុខរបស់លោកឥឡូវនេះត្រូវបានគេតាមដានយ៉ាងដិតដល់។
អ្នកបោះឆ្នោតឲ្យបក្សប្រជាធិបតេយ្យជាច្រើនព្រួយបារម្ភថា តើរូបលោកអាចរក្សាល្បឿននៃការងារដ៏លំបាកក្នុងរយៈពេល៤ឆ្នាំកន្លះ ខាងមុខបានដែរឬអត់ ហើយសមាជិកមួយចំនួននៅក្នុងគណបក្សរបស់លោកបានជំរុញឱ្យលោកបោះបង់ចោលការប្រជែងតំណែងប្រធានាធិបតី៕