បារាំង ដាក់ពង្រាយកម្លាំងប៉ូលិស៣ម៉ឺននាក់ ដើម្បីទប់សភាពការណ៍ ក្រោយបោះឆ្នោតនៅថ្ងៃអាទិត្យនេះ!

រដ្ឋមន្ត្រីបារាំង បាននិយាយថា៖ នគរបាលប្រហែល៣០.០០០នាក់នឹងត្រូវដាក់ពង្រាយ នៅទូទាំងប្រទេស នៅល្ងាចថ្ងៃអាទិត្យ(០៧ កក្កដា)។
បន្ទាប់ពីការបោះឆ្នោតសភាជុំទី២ដ៏តានតឹង ដើម្បីធានាថា មិនមានបញ្ហាណាមួយកើតឡើង ។
ខណៈបេក្ខជនឈរឈ្មោះជាច្រើននាក់បាននិយាយថា ពួកគេក្លាយជាជនរងគ្រោះ នៃការវាយប្រហារអំឡុងពេលធ្វើយុទ្ធនាការ…!។

ការបោះឆ្នោតសភាជុំទីពីរ នៅថ្ងៃអាទិត្យនេះ នឹងកំណត់ថាតើបក្សរួមរួបកម្លាំងជាតិ (RN) ស្តាំនិយមជ្រុលរបស់លោកស្រី ម៉ារីន ឡឺប៉ែន (Marine Le Pen) ទទួលបានសំឡេងភាគច្រើននៅក្នុងសភាជាលើកដំបូង និងបង្កើតរដ្ឋាភិបាលបន្ទាប់នៅប្រទេសបារាំង ដែលជាសេដ្ឋកិច្ចធំទីពីររបស់តំបន់ចាយប្រាក់អឺរ៉ូ បានឬយ៉ាងណា។
យុទ្ធនាការបោះឆ្នោតត្រូវបានប៉ះពាល់ដោយភាពតានតឹងផ្នែកនយោបាយ និងកំណើនអំពើហិង្សា។
រដ្ឋមន្ត្រីមហាផ្ទៃលោក ហ្សេរ៉ាល់ ដាម៉ាណាំង (Gerald Darmanin) បាននិយាយថា លោកនឹង ប្រុងប្រយ័ត្ន អំពីសន្តិសុខនៅល្ងាចថ្ងៃអាទិត្យ នៅពេលដែលលទ្ធផលនៃការបោះឆ្នោតនឹងត្រូវបានប្រកាស។

លោក ដាម៉ាណាំង បាននិយាយថា មនុស្ស ៤ នាក់ត្រូវបានចាប់ខ្លួន ជុំវិញការវាយប្រហារមួយ ដែលបានកើតឡើងកាលពីល្ងាចថ្ងៃពុធ ទៅលើអ្នកនាំពាក្យរដ្ឋាភិបាល លោកស្រី ព្រីស្កា ទែរវ៉េណូ (Prisca Thevenot) និងក្រុមរបស់លោកស្រី នៅពេលដែលពួកគេកំពុងចែកក្រដាសផ្សព្វផ្សាយយុទ្ធនាការ។ បេក្ខជនបក្ស RN ម្នាក់ឈ្មោះលោកស្រី ម៉ារី ឌូឈី (Marie Dauchy) ក៏បាននិយាយថាខ្លួនត្រូវបានវាយប្រហារដោយម្ចាស់ហាងម្នាក់នៅផ្សារមួយកាលពីថ្ងៃពុធផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *