ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយ នៅក្នុងសន្និសីទព័ត៌មាន នៅប្រទេសកាហ្សាក់ស្ថាន កាលពីថ្ងៃព្រហស្បតិ៍(០៤កក្កដា)។
ដោយលោកមានជំនឿថា បេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) មានចិត្តស្មោះចង់បញ្ចប់សង្រ្គាមនៅអ៊ុយក្រែនពិតមែន ។
ប៉ុន្តែលោកមិនដឹងទេថា តើលោក ត្រាំ ធ្វើគម្រោងនោះ ដោយមធ្យោបាយណា ប្រសិនបើជាប់ឆ្នោត។
លោក ពូទីន បាននិយាយថា យើងយកចិត្តទុកដាក់លើរឿងដែលថាលោក ត្រាំ ប្រកាសថាខ្លួនត្រៀមរួចជាស្រេចដើម្បីបញ្ឈប់សង្រ្គាមនៅអ៊ុយក្រែននេះណាស់។
យើងមិនដឹងថាលោកនឹងធ្វើដោយរបៀបណាទេ ប៉ុន្តែយើងគិតថាលោកនិយាយដោយស្មោះ ហើយយើងគាំទ្រគំនិតនោះ។
សារព័ត៌មាន វ៉ាស៊ីនតោន ប៉ុស្តិ៍ (Washington Post) បានរាយការណ៍កាលពីខែមេសាថា លោក ត្រាំ បាននិយាយជាលក្ខណៈឯកជនពីជម្រើសនៃការអនុញ្ញាតឱ្យលោក ពូទីន ទុកតំបន់គ្រីម៉េ (Crimea) និងតំបន់ ឌុនបាស (Donbas) ដើម្បីជាថ្នូរនឹងសន្តិភាព ប៉ុន្តែមិនមានការបញ្ជាក់ពីយុទ្ធនាការលោកនោះទេ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍កាលពីខែមុនថា ទីប្រឹក្សាពីរនាក់របស់លោក ត្រាំ បានបង្ហាញលោកនូវផែនការបញ្ចប់សង្រ្គាម ដែលពាក់ព័ន្ធនឹងការប្រាប់អ៊ុយក្រែនថាខ្លួននឹងមិនទទួលបានអាវុធបន្ថែមទៀតពីអាមេរិកទេ ប្រសិនបើមិនចូលរួមក្នុងកិច្ចចរចាសន្តិភាព។
លោក ពូទីន បាននិយាយកាលពីខែមុនថា រុស្ស៊ី នឹងបញ្ចប់សង្រ្គាម លុះត្រាតែក្រុងគីវ បានយល់ព្រមទម្លាក់មហិច្ឆតាចូលរួមក្នុងអង្គការណាតូ ហើយប្រគល់ទឹកដីមូលនៃខេត្តចំនួនបួន ដែលទាមទារដោយទីក្រុងមូស្គូ ៕