លោក សាន ប៊ុនរ៉ុង នៅតែបន្តសាងសង់សំណង់អត់ច្បាប់ដដែល បើទោះបីជាអជ្ញាធរ ចេញលិខិតផ្អាកការដ្ឋានហើយក្តី!

(កោះកុង)៖ សំណង់ថ្ម២ជាន់មួយកន្លែង ក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា នៅពុំទាន់មានច្បាប់សាងសង់ពីអាជ្ញាធរ និងជំនាញពាក់ព័ន្ធនៅឡើយទេ។
តែសំណង់មួយនេះ បែរជាអាចធ្វើការសាងសង់ បានដោយពុំខ្វល់ខ្វាយ ពីច្បាប់អ្វីទាំងអស់…!។

បើតាមការលើកឡើង ពីមន្ត្រីសាលាឃុំម្នាក់ ដែលថ្លែងក្នុងល័ក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ បានលើកឡើងថា៖ រាល់សំណង់ត្រូវតែធ្វើការសុំច្បាប់សាងសង់ជាមុនសិន។
ទើបអាចធ្វើការសាងសង់បាន បើម្ចាស់សំណង់រូបណា ហ៊ានសាងសង់មុនច្បាប់អនុញ្ញាតនោះ។

គឺជាទង្វើមួយខុសច្បាប់បាត់ទៅហើយ តែបើមានការលួចសាងសង់ ដោយគ្មានច្បាប់ទៀតនោះ ។
គឺជាទង្វើខុសច្បាប់ទាំងស្រុងតែម្តង ដោយម្ចាស់សំណង់ ត្រូវតែទទួលខុសត្រូវទាំងស្រុង នូវរាល់ការប៉ះពាល់ឬខាតបង់នានា ដោយពុំមានការទទួលបានសំណងអ្វីត្រឡប់ទៅវិញឡើយ ។

ពាក់ព័ន្ធទៅនិងការសាងសង់សំណង់រឹងមាំខាងលើ ត្រូវបានម្ចាស់សំណង់អះអាងតាមទូរស័ព្ទ នៅល្ងាចថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមិញថា៖ សំណង់របស់លោក គឺលោកធ្វើការជួសជុលឡើងវិញ ដោយពីមុនជាសំណង់ ប្រភេទឈើ តែក្រោយការជួសជុល រូបលោកបានកែដោយរៀបជាថ្មវិញ ។

ប្រភពដដែលបានអោយដឹងទៀតថា ជំនាញភូមិបាល បានអនុញ្ញាតអោយខាងលោក ធ្វើបណ្តើរៗទៅ ចាំខាងភូមិបាល ជាអ្នករត់ការសុំច្បាប់តាមក្រោយ បើមិនជឿទេ អោយសួរទៅឈ្មោះ អូន ជំនាញភូមិបាលទៅដឹងហើយ..?។

-ចំពោះលោក រស់ ស៊ីថា ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ស្រុកមណ្ឌលសីមា បានថ្លែងថា សំណង់របស់លោក សាន ប៊ុនរ៉ុង ខាងលើ ។
គឺពុំមានច្បាប់អនុញ្ញាតនោះទេ សំណង់នេះ គឺសាងសង់ខុសច្បាប់ទាំងស្រុង ដោយបានសាងសង់លើដីចំណីផ្លូវថែមទៀតផង ។

បើទោះបីជាម្ចាស់សំណង់ចង់សុំច្បាប់សាងសង់ ក៏ជំនាញពុំអាចអនុញ្ញាតច្បាប់អោយបានឡើយ។
លុះត្រាណាតែម្ចាស់សំណង់ ឯកភាពតាមជំនាញ ព្រោះសំណង់របស់គាត់ បានសាងសង់នៅលើចំណីផ្លូវសាធារណៈ ហើយខាងជំនាញ និងអាជ្ញាធរ ក៏បានចុះទៅធ្វើការហាមឃាត់ និងធ្វើកិច្ចសន្យាម្តងរួចហើយដែរ..!។

ដោយឡែកលោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុកមណ្ឌលសីមា បានឡើងថា សំណង់នេះ លោកបានអោយខាងជំនាញ និងអាជ្ញាធរមូលដ្ឋាន ចេញលិខិតផ្អាកហើយ។
បើម្ចាស់ទីតាំងនៅតែពុំព្រមស្តាប់ និងបន្តការសាងសង់ គឺខាងអាជ្ញាធរ នឹងអនុវត្តវិធានការរដ្ឋបាល ដូចជាដកហូតនូវសម្ភារៈសាងសង់នានាជាដើម។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ។
អាជ្ញាធរស្រុកមណ្ឌលសីមា និងជំនាញពាក់ព័ន្ធ បានចេញលិខិតផ្អាកការដ្ឋានសាងសង់របស់បុគ្គល ឈ្មោះ សាន ប៊ុនរ៉ុង ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។

ដោយសារសំណង់របស់គាត់ នៅពុំទាន់មានលិខិតអនុញ្ញាតសាងសង់នៅឡើយ ។
តែអ្វីដែលធ្វើអោយមហាជន មានការចាប់អារម្មណ៍នោះ គឺដោយសារតែបច្ចុប្បន្ន សំណង់ខាងលើ នៅតែបន្តការសាងសង់បានដដែល ។
រហូតដល់ពួកគាត់បានដាក់ជាសំនួរថា តើម្ចាស់សំណង់ខាងលើ មានសែស្រឡាយ ឬខ្នងបង្អែកធំយ៉ាងណា..?។

បានជាគាត់អាចបន្ត ការសាងសង់បានយ៉ាងរំភើយ ដោយពុំខ្វល់ខ្វាយ និងខ្លាចញញើតអំពីផ្លូវច្បាប់បែបនេះ ។
បើទោះបីជាកន្លងមកគាត់ធ្លាប់ទទួលបានលិខិតផ្គាកការដ្ឋានពីសំណាក់ អាជ្ញាធរម្តងរួចមកហើយក្តី។
ហើយមហាជននិងរងចាំមើលថា៖ តើអាជ្ញាធរ អាចនឹងមានវិធានការបន្តដែរឬយ៉ាងណា បើសព្វថ្ងៃសំណង់ខាងលើ នៅតែបន្តសាងសង់ដដែលបែបនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *