កាលពីថ្ងៃព្រហស្បតិ៍ទី៩ ខែវិច្ឆិកា អាជ្ញាធរហុងកុង បានបញ្ជាឲ្យសម្លាប់សត្វជ្រូក ប្រហែល ៥.៦០០ក្បាល ។
បន្ទាប់ពីមេរោគប៉េស្តអាហ្រ្វិក (ASF) ត្រូវបានរកឃើញ នៅកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែង។
កសិដ្ឋានចិញ្ចឹមជ្រូកដែលមានអាជ្ញាប័ណ្ណនៅ Lau Fau Shan ស្ថិតក្នុងតំបន់ជនបទ Yuen Long ។
ក្បែរព្រំដែនចិនដីគោក បានធ្វើតេស្តវិជ្ជមានចំពោះមេរោគ ASF បន្ទាប់ពីបុគ្គលិក យកសំណាកជ្រូកចំនួន៣៧ក្បាល មកធ្វើតេស្ត។
យោងតាមអង្គការសុខភាពសត្វពិភពលោក, មេរោគនេះ មិនបង្កជាគ្រោះថ្នាក់ដល់សុខភាពមនុស្សទេ ប៉ុន្តែវាមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សត្វជ្រូក និងសេដ្ឋកិច្ចកសិកម្ម។
នាយកដ្ឋានកសិកម្ម ជលផល និងអភិរក្សហុងកុង (AFCD) និយាយថា ខ្លួននឹងរៀបចំសម្អាត ក៏ដូចជាសម្លាប់មេរោគក្នុងកសិដ្ឋាន ។
ហើយនឹងបន្តឃ្លាំមើលកសិដ្ឋានចិញ្ចឹមជ្រូកក្នុងស្រុកឲ្យបានដិតដល់ជាទីបំផុត និងធ្វើតេស្តប្រសិនបើចាំបាច់។
នាយកដ្ឋានខាងលើ បានជូនដំណឹងដល់អង្គការសុខភាពសត្វពិភពលោករួចទៅហើយ ។
ដែលកំពុងស៊ើបអង្កេតនិងតាមដានរកប្រភពនៃមេរោគនេះ ដោយសហការជាមួយអ្នកជំនាញអន្តរជាតិ៕