(កណ្ដាល)៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤។
សម្តេចធិបតី បានរំលឹកថា មាតុភូមិរបស់យើងបានឆ្លងកាត់សុបិន្តអាក្រក់ជាច្រើន ដែលយើងដាច់ខាតមិនត្រូវបណ្តោយឱ្យកើតឡើងសារជាថ្មីនៅលើទឹកដីប្រកបដោយសក្តានុពល និងថាមពលនេះឡើយ ជម្លោះនិងការបែកបាក់ផ្ទៃក្នុងបានធ្វើឱ្យទឹកដីខ្មែរដែលធ្លាប់ជាអាណាចក្រល្បីរន្ទឺចាប់ពីសម័យអាណាចក្រភ្នំរហូតមកដល់មហានគរបានក្លាយជាដែនដីនៃចម្បាំងនិងការបំផ្លិចបំផ្លាញ ទម្រាំយើងស្វែងរកបានសន្តិភាពពេញលេញនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ តាមរយៈនយោបាយឈ្នះ-ឈ្នះ ឈាម និងទឹកភ្នែករាប់មិនអស់បានស្រក់នៅលើទឹកដីមួយនេះ។
សម្តេចធិបតី បានថ្លែងបន្តថា ដូច្នេះយើងគប្បីចងចាំនូវមេរៀនប្រវត្តិសាស្រ្តនេះថា កាលណាខ្មែរបាត់បង់សាមគ្គីភាព និងការឯកភាពជាតិ ហើយខ្វះស្មាតីជាតិនិយម មិនតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ខ្មែរតែងតែរងគ្រោះ និងអន្តរាយ។
ផ្ទុយទៅវិញ កាលណាខ្មែរមានសាមគ្គីភាពជាធ្លុងមួយ និងការឯកភាពជាតិប្រកបដោយស្មារតីជាតិនិយម និងធ្វើអ្វីៗដើម្បីឧត្តមប្រយោជន៍ជាតិ ខ្មែរតែងតែរឹងមាំរីកចម្រើនរុងរឿងថ្កើងថ្កាន។
សម្តេចធិបតី បានគូសបញ្ជាក់ថា ក្នុងន័យនេះគម្រោងព្រែកជីកហ្វូណនមិនត្រឹមតែជាគម្រោងហេដ្ឋារចនាសម្ព័ន្ធមួយ ទោះបីមានតម្លៃ ១៧០០លាន ឬក៏២០០០ លានក៏ដោយ។
ប៉ុន្តែអ្វីដែលគម្រោងព្រែកជីកមួយនេះខុសគ្នាពីគម្រោងមុនៗ គឺចលនាជាតិមួយទាំងមូល នៅក្រោយគម្រោងមួយនេះ៕