(កណ្ដាល)៖ លោក លី វិទូ ជាមេធាវីនៃ ការិយាល័យមេធាវី មេគង្គ សហពាណិជ្ជកម្ម មានការិយាល័យតាំងនៅអាគារ ភ្នំពេញសិនធ័រ អគារ អ ជាន់ផ្ទាល់ដី ការិយាល័យលេខ ០៨៨ មហាវិថីព្រះសីហនុ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ។
តំណាងឱ្យលោក ភឺន ផល្លា នៅថ្ងៃទី១៤.០៨.២០២៤ បានធ្វើសេចក្តីថ្លែងការណ៍មួយ ដើម្បីជូន ជាព័ត៌មាន ដល់បងប្អូនសាធារណៈជន….!។
ពាក់ព័ន្ធនឹងករណីវិវាទដីធ្លី ស្ថិតនៅឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល។
នៅក្នុងលិខិតនោះ លោកមេធាវី លី វិទូ បានលើកឡើងយ៉ាងដូច្នេះ«ខ្ញុំបាទជាមេធាវីតំណាងដោយអាណត្តិឱ្យលោក ភឺន ផល្លា សូមធ្វើសេចក្តីថ្លែងការណ៍ ជូនអង្គភាពសារព័ត៌មានទាំងអស់ និងសាធារណៈជន មេត្តាជ្រាបថា៖
កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ អង្គភាពសារព័ត៌មាន “KH Plus News” បានផ្សាយបន្តផ្ទាល់ តាមបណ្តាញ ទំនាក់ទំនងសង្គមហ្វេសបុក (Facebook) ក្រោមចំណងជើងថា “ខេត្តកណ្តាល (ផ្សាយផ្ទាល់)។ ប្រជាពលរដ្ឋជាង500 គ្រួសារ បានសំណូមពរ ទៅដល់អភិបាលខេត្តកណ្តាល ។
ដែលទើបឡើងកាន់តំណែងថ្មី លោក គួច ចំរើន ឱ្យជួយរកដំណោះស្រាយជូនពួក គាត់ផង។ ព្រោះលោកឧកញ៉ា ភឺន ផល្លា បានរំលោភយកដីរបស់ពួកគាត់ ។
លោកមេធាវី លី វិទូ ចាត់ទុកការចុះផ្សាយនេះថា គឺជាការចុះផ្សាយព័ត៌មាន ផ្ទុយពីការពិត ក្នុងចេតនាញុះញង់ចោទប្រកាន់មកលើកូនក្តីខ្លួន ។
ដែលមិនមានឯកសារទទួលស្គាល់ពីអាជ្ញាធរ និងភស្តុតាង គ្រប់គ្រាន់ ហើយក្នុងនាមខ្ញុំបាទ ជាមេធាវីតំណាងដោយអាណត្តិ សូមធ្វើការបញ្ជាក់ជូនអង្គភាពសារព័ត៌មានទាំងអស់មេត្តាជ្រាបថា៖ ក្រុមហ៊ុនបានប្រមូលទិញដី ដោយមានការទទួលស្គាល់ពីអាជ្ញាធរត្រឹមត្រូវ និងដោះស្រាយគោលនយោបាយ ជូនប្រជា ពលរដ្ឋក្នុងមូលដ្ឋានឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល និងបានបន្តកាន់កាប់ គ្រប់គ្រង ប្រើប្រាស់ និងអាស្រ័យផលនៅ លើទីតាំងដីនេះរហូតមក ហើយទីតាំងដីនេះមានប័ណ្ណកម្មសិទ្ធិ (ប្លង់រឹង) ត្រឹមត្រូវធ្វើឡើងស្របតាមនីតិវិធីច្បាប់ ក្នុងនោះ ក្រុមហ៊ុនបានបោះបង្គោល ជីកព្រំ និងលើកទំនប់ក្រវ៉ាត់ព័ទ្ធជុំវិញទីតាំងដីផងដែរ ។
ថ្មីៗកន្លងមកនេះ ទើបតែមានក្រុមជនអាណាធិបតេយ្យ ដែលដឹកនាំដោយក្រុមទុច្ចរិត មានការចាត់តាំងត្រឹមត្រូវ ធ្លាប់ បានដើរលួចលើកស្លាក ជាច្រើនលើកច្រើនសារ នៅលើទីតាំងដីរបស់ក្រុមហ៊ុន ក្នុងគោលបំណងញុះញង់ និងកៀងគរជន អាណាធិបតេយ្យ ឱ្យចូលមកកាន់កាប់ចាប់យកដី ។
ដើម្បីធ្វើការបែងចែកគ្នាយកជាកម្មសិទ្ធិថែមទៀតផង ហើយក្រុមហ៊ុនក៏ធ្លាប់ បានដាក់ពាក្យបណ្តឹងប្តឹងមេខ្យល់ ទៅរដ្ឋបាលស្រុកកោះធំ និងអធិការដ្ឋាននគរបាលស្រុកកោះធំ ថែមទៀតផង។
តាមរយៈការផ្សាយបន្តផ្ទាល់នេះ បានបញ្ជាក់ថា ក្រុមជនអាណាធិបតេយ្យទាំងនោះ ជាអ្នករស់នៅក្នុងមូលដ្ឋានឃុំ កោះធំ(ក) ស្រុកកោះធំ ខេត្តកណ្តាល ។
ដែលជាអ្នករស់នៅក្រៅមូលដ្ឋាន បាននាំគ្នាមកតវ៉ាទាមទារ ដើរបស់ក្រុមហ៊ុន ស្ថិតនៅក្នុង ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល ទៅវិញ ដែលនេះជាការទាមទារដីខុសដែនរដ្ឋបាលទាំងស្រុង ។
សកម្មភាពទាំងនេះ គឺត្រូវបានដឹកនាំ និងមានការរៀបចំដោយក្រុមជនអាណាធិបតេយ្យ ដែលមានគំនិតទុច្ចរិត ញុះញង់ កៀងគរ បង្កភាពអសន្តិសុខ និងភាពអាណាធិបតេយ្យ ។
ដោយប្រមូលផ្តុំក្រុមជនអាណាធិបតេយ្យ មកធ្វើការតវ៉ាទាំងគ្មានឯកសារសំអាង និងគ្មានភស្តុតាង ច្បាស់លាស់ ។
ដោយគ្មានការបញ្ជាក់ទទួលស្គាល់ពីអាជ្ញាធរ ដើម្បីកេងចំណេញផលប្រយោជន៍ ហើយបានធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ ឈ្មោះ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កូនក្តីខ្ញុំបាទ យ៉ាងធ្ងន់ធ្ងរ ។
សេចក្តីដូចបានបំភ្លឺជូនខាងលើ ដើម្បីជៀសវាង នូវការភ័ន្តច្រឡំពីសំណាក់សាធារណៈជនមកលើកូនក្តីខ្ញុំបាទ ។
ក្នុងនាមខ្ញុំបាទជាមេធាវីតំណាង សូមឱ្យអង្គភាពសារព័ត៌មានទាំងអស់ ជ្រាបជាព័ត៌មាន និងធ្វើការកែតម្រូវចំពោះការចុះផ្សាយរបស់ខ្លួន ស្របតាមសេចក្តីថ្លែងការណ៍នេះ។
ក្នុងករណីអង្គភាពសារព័ត៌មាន ឬសាធារណៈជន មានចម្ងល់ពាក់ព័ន្ធនឹងករណីនេះ សូមទំនាក់ទំនងមកលេខទូរស័ព្ទ ០៧៦ ៥៥៥៥ ៨៤០ នៅរៀងរាល់ម៉ោងធ្វើការ។
ប្រសិនបើ អង្គភាពសារព័ត៌មានណាមួយ នៅតែបន្តចុះផ្សាយនូវរាល់ព័ត៌មានមិនពិត ។
ដោយមិនមានឯកសារ ឬភស្តុតាងបញ្ជាក់ត្រឹមត្រូវ ដែលបង្កឱ្យមានភាពវឹកវរ ប៉ះពាល់ ដល់សិទ្ធិ ផលប្រយោជន៍ កិត្តិយស និងសេចក្តីថ្លៃថ្នូរដល់កូនក្តីខ្ញុំបាទ និងអាជ្ញាធរពាក់ព័ន្ធ កូនក្តីខ្ញុំបាទនឹងមានចំណាត់ការឱ្យ បានតឹងរឹងពាក់ព័ន្ធនឹងករណីនេះ ទៅតាមនីតិវិធីច្បាប់ ។
អាស្រ័យហេតុនេះ សូមអង្គភាពសារព័ត៌មានទាំងអស់ និងសាធារណៈជន មេត្តាជ្រាបជាព័ត៌មាន»៕