សម្តេចធិបតី ថ្លែងថា នយោបាយឈ្នះឈ្នះ ធ្វើឱ្យកម្ពុជារីកចម្រើនលើគ្រប់វិស័យ!

(ភ្នំពេញ)៖ ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស លើកទី៩ ចំនួនប្រមាណ១.០០០នាក់ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលគ្រប់នីតិកាលនៃរដ្ឋសភា កម្ពុជាបច្ចុប្បន្ន មានការរីកចម្រើនលើគ្រប់វិស័យ មានការទទួលស្គាល់ជាអន្តរជាតិ មានការគោរពប្រតិបត្តិសាសនា ដោយសេរី គ្មានការរើសអើង ដែលជាសមិទ្ធផលនៃការខិតខំប្រឹងប្រែងឡើងឡើងវិញដ៏លំបាករបស់រាជរដ្ឋាភិបាលក្នុងរយៈពេលជាង៤ ទសវត្សកន្លងទៅនេះ។

សម្តេចធិបតី បានគូសបញ្ជាក់ថា ទោះបីជាប្រទេសជាតិ ត្រូវបានរំដោះ គ្រប់វិស័យមានការអភិវឌ្ឍន៍ ហើយសិទ្ធិក្នុងការប្រតិបត្តិជំនឿសាសនា ប្រពៃណីទំនៀមទម្លាប់ត្រូវបានធានាយ៉ាងពេញលេញក៏ដោយ ។
ប៉ុន្តែកង្វះធនធានមនុស្សដែលមានការយល់ដឹងជ្រៅជ្រះលើទម្រង់នៃពិធីកម្មផ្សេងៗ និងធនធានសម្ភារៈគម្បីក្បួនច្បាប់ដែលជាត្រីវិស័យសម្រាប់តម្រង់ទិសក្នុងការរៀបចំពិធីកម្មទាំងនេះ នៅបន្តជួបនូវបញ្ហាប្រឈម។

សម្តេចធិបតី ក៏បានគូសបញ្ជាក់ថា លទ្ធផលនៃការប្រតិបត្តិជំនឿសាសនា ប្រពៃណីទំនៀមទម្លាប់របស់ខ្មែរយើងនៅមិនទាន់មានភាពត្រឹមត្រូវច្បាស់លាស់និងឯកភាពគ្នា នៅឡើយ ដូច្នេះការតម្រង់ទិសតាមរយៈការបណ្តុះបណ្តាលស្តីពីតួនាទី និងភារកិច្ច ក្រមសីលធម៌របស់អាចារ្យខ្មែរគឺជាយន្តការចាំបាច់និងមានសារៈសំខាន់៕

Leave a Reply

Your email address will not be published. Required fields are marked *