កីឡាករ Harry Maguire ត្រូវបានបង្ខំឱ្យចេញពីការប្រកួតឈ្នះ1-0 របស់ Manchester United លើក្រុម Fulham កាលពីយប់ថ្ងៃសុក្រ ប៉ុន្តែ Erik ten Hag បាននិយាយថា វាគ្រាន់តែជាការជំនួសការប្រុងប្រយ័ត្នប៉ុណ្ណោះ។
បិសាចក្រហមបានចាប់ផ្តើមរដូវកាល Premier League របស់ពួកគេក្នុងការចាប់ផ្តើមដ៏ល្អ ខណៈដែលកីឡាករ Joshua Zirkzee បានចុះចេញពីកៅអីបម្រុងដើម្បីរកគ្រាប់បាល់ឈ្នះចុងម៉ោង។
គ្រាប់បាល់នោះបានកើតឡើងនៅនាទីទី 87 ប៉ុន្តែ Maguire បានចេញពីទីលានរួចហើយនៅដំណាក់កាលនោះ ជំនួសដោយ Jonny Evans ប្រាំមួយនាទីមុននេះ។
ខ្សែការពារកណ្តាលរបស់ក្រុមជម្រើសជាតិអង់គ្លេសបានមើលទៅមានភាពមិនស្រួលមួយចំនួនហាក់ដូចជាស្ពឹកស្រពន់ពេលគាត់ចេញពីទីលាន ប៉ុន្តែ Ten Hag និយាយថា Maguire មិនមានរបួសទេ។
គ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះបានប្រាប់ Sky Sports ថា “មិនមានរបួសទេ ប៉ុន្តែខ្ញុំត្រូវតែនាំគាត់ចេញ ពីព្រោះគាត់មានបញ្ហា ។ មុនពេលគាត់រងរបួស យើងត្រូវប្រុងប្រយ័ត្ន”។
លោកបន្តថា”ជ័យជម្នះពិតជាសំខាន់ណាស់ ប៉ុន្តែខ្ញុំសប្បាយចិត្តណាស់ដែលគ្មានរបួសនៅថ្ងៃនេះ”។
គួរជម្រាបថា Maguire បានចាប់ដៃគូជាមួយ Lisandro Martinez នៅកណ្តាលតំបន់ការពារដោយមាន Noussair Mazraoui និង Diogo Dalot ជាខ្សែការពារពេញ ខណៈដែល Matthijs de Ligt បានចេញពីកៅអីបម្រុងដើម្បីបង្ហាញខ្លួនជាលើកដំបូងរបស់បិសាចក្រហមនៅចុងការប្រកួត។
ទោះជាយ៉ាងណា អ្នកវិភាគរបស់ Sky Sports លោក Jamie Carragher ជឿជាក់ថា ទីបំផុត De Ligt នឹងចូលមកក្នុងក្រុមជំនួស Maguire នៅខ្សែការពារកណ្តាល ដោយខ្សែការពារហូឡង់ និង Martinez ទំនងជាជម្រើសដំបូង៕