ឃាត់ខ្លួន៣១នាក់ ក្រោមផែនការកុបកម្ម ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល!

(ភ្នំពេញ)៖ ក្រុមប្រឆាំងជ្រុលនិយម ដែលចង់ធ្វើបាតុកម្ម ផ្តួលរំលំរាជរដ្ឋាភិបាល នៅថ្ងៃទី១៨.០៨.២០២៤ត្រូវបានបរាជ័យទាំងស្រុង…!។
ខណៈមនុស្ស៣១នាក់(ស្រី២នាក់) ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធនឹងផែនការធ្វើបាតុកម្ម កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤។
-នេះបើតាម ឧត្តមសេនីយ៍ ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន​នៅយប់ទី១៨.០៨.២០២៤!។

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ។
ខណៈលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានគណៈបញ្ជាការសន្តិសុខ សណ្តាប់ធ្នាប់ និងសង្រ្គោះសម្រាប់ព្រឹត្តិការណ៍ជាតិ-អន្តរជាតិ អគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ រួមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ។

ដាក់ចេញនូវផែនការធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សំដៅចាត់វិធានការបង្ការ ទប់ស្កាត់ បំបាត់ប្រសិទ្ធភាពរាល់ឧបាយកល សកម្មភាពបង្កអសន្តិសុខប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ដោយធានាបានសុវត្ថិភាពគ្រប់គោលដៅនយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ មជ្ឈមណ្ឌលពាណិជ្ជកម្ម ទេសចរណ៍ ក៏ដូចជាប្រក្រតីភាពនៃសកម្មភាព ជីវភាពប្រជាពលរដ្ឋ និងសង្គម។

អ្នកនាំពាក្យអគ្គស្នងការ បានបញ្ជាក់ថា៖ ផែនការកុបកម្មរបស់ក្រុមអគតិប្រឆាំងជ្រុលនិយម ត្រូវបានបំផ្លាញតាមរយៈកិច្ចសហការចាត់វិធានការយ៉ាងតឹងរឹងប្រកបដោយស្មារតីប្រុងប្រយ័ត្ន មានភាពបត់បែនរស់រវើក និងស្របតាមច្បាប់ ដោយមិនបណ្តោយឲ្យក្រុមទុច្ចរិតទាំងនោះធ្វើសកម្មភាពបំផ្លាញភាពសុខសាន្តរបស់សង្គមជាតិ។ ជាក់ស្តែង តាមរយៈការអនុវត្តផែនការប្រឆាំងអំពើកុបកម្មរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលកំណត់ធ្វើសកម្មភាពនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤នេះ សមត្ថកិច្ចធ្វើការត្រួតពិនិត្យ ឆែកឆេរ និងឃាត់ខ្លួនសមាជិក សកម្មជននៃក្រុមកុបកម្មចំនួន ៣១នាក់ (ស្រី ២នាក់) ដែលបានធ្វើសកម្មភាពតាមផែនការរបស់ពួកគេក្នុងការប្រមូលកម្លាំងនៅតាមគោលដៅដែលបានកំណត់ និងដកហូតបាននូវសម្ភារ វត្ថុតាងមួយចំនួន (ដបសាំង កាំបិតស្នៀត ស្នាប់ដៃ ដំបង ជំពាមកៅស៊ូនិងគ្រាប់ដែក) សម្រាប់ធ្វើសកម្មភាពប្រឆាំងតបតជាមួយសមត្ថកិច្ច។
ជនទាំងនោះ កំពុងស្ថិតក្នុងការគ្រប់គ្រងរបស់សមត្ថកិច្ច និងកំពុងរៀបចំនីតិវិធីបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។

អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បា​នថ្លែងអំណរគុណ ចំពោះកងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដែលបានចូលរួមយ៉ាងសកម្មក្នុងការបង្ការ ។
ប្រឆាំងនឹងអំពើវិទ្ធង្សនា បង្កអសន្តិសុខ ឈានទៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ជាពិសេសអរគុណចំពោះប្រជាពលរដ្ឋយ៉ាងច្រើនលើសលប់ ដែលយល់ដឹងអំពីគុណតម្លៃសន្តិភាព គាំទ្ររាជរដ្ឋាភិបាលស្របច្បាប់ដែលប្រសូត្រចេញពីឆន្ទៈរាស្រ្ត និងមិនចូលរួមក្នុងសកម្មភាពបំផ្លិចបំផ្លាញជាតិជាមួយពួកក្រុមជ្រុលនិយមអគតិទាំងនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *