ក្រុមហ៊ូទី សម្រេចប្រគល់ការិយាល័យសិទ្ធិមនុស្ស នៅប្រទេសយេម៉ែន មកឱ្យUNវិញហើយ!

អ្នកនាំពាក្យអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទ(ទី១៩ខែសីហា)ថា ក្រុមឧទ្ទាមហ៊ូទី នៅប្រទេសយេម៉ែន បានប្រគល់ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅទីក្រុងសាណា ដែលពួកគេបានរឹបអូស កាលពីដើមខែនេះ មកវិញហើយ។

ក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ បានបញ្ជូនគណៈប្រតិភូ មួយក្រុម ទៅកាន់បរិវេណការិយាល័យសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ហើយបានបង្ខំបុគ្គលិក ឱ្យប្រគល់សោរ។

លោក Stephane Dujarric អ្នកនាំពាក្យរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយថា ការិយាល័យត្រូវបានប្រគល់ឲ្យវិញនៅថ្ងៃនេះ ទៅអ្នកសម្របសម្រួលរបស់យើងក្នុងប្រទេសយេម៉ែន។

ប្រធានសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ លោក Volker Turk ដែលបានប្រកាសពីការរឹបអូសយកការិយាល័យកាលពីសប្តាហ៍មុនបានចាត់ទុកថា ជា ការវាយប្រហារយ៉ាងធ្ងន់ធ្ងរ លើសមត្ថភាពរបស់អង្គការសហប្រជាជាតិ ក្នុងការអនុវត្តអាណត្តិរបស់ខ្លួន។

កាលពីថ្ងៃចន្ទ អង្គការសហប្រជាជាតិ បានអំពាវនាវជាថ្មីម្តងទៀត ឱ្យដោះលែងបុគ្គលិករបស់ខ្លួនចំនួន១៣នាក់ និងបុគ្គលិកអង្គការក្រៅរដ្ឋាភិបាល និងស្ថានទូតរាប់សិបនាក់ផ្សេងទៀត ដែលត្រូវបានក្រុមហ៊ូទីឃុំឃាំង រយៈពេលជាងពីរខែមកនេះ។

លោក Dujarric បាននិយាយថា អគ្គលេខាធិការ លោក Antonio Guterres មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុខុមាលភាពរបស់អ្នកជាប់ឃុំឃាំង ហើយលោកបានអំពាវនាវឱ្យមានការដោះលែងពួកគេជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។ លោក Dujarric និយាយថា អង្គការសហប្រជាជាតិ និងដៃគូរបស់ខ្លួន មិនគួរត្រូវបានដាក់គោលដៅ ចាប់ខ្លួន ឬឃុំខ្លួននោះទេ ខណៈកំពុងអនុវត្តអាណត្តិរបស់ពួកគេ។

ក្រុមហ៊ូទី បានអះអាងថា ពួកគេបានចាប់ខ្លួន បណ្តាញចារកម្មអាមេរិក-អ៊ីស្រាអែល ដែលកំពុងធ្វើប្រតិបត្តិការក្រោមការបិទបាំងជាអង្គការមនុស្សធម៌ ជាការចោទប្រកាន់ដែលត្រូវបានច្រានចោលដោយការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *