សម្តេចតេជោ ថ្លែងថាចាំមើលអ្នកចោទរឿង កាត់ដី៤ខេត្តឱ្យវៀតណាម តើពួកគេចូលលុយឬទេ?!

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្តាញសង្គមផ្លូវការ កាលពីល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤។
បានគូសបញ្ជាក់ថា មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តួចផ្តើមបង្កើតឡើង តាមសំណូមពរប្រជាជន បានចេញជារូបរាង និងមានការចូលរួមយ៉ាងច្រើន….!។

សម្តេចតេជោ ហ៊ុន សែន បន្តថា តាមរយៈមូលនិធិនេះ យើងនឹងឃើញនូវស្មារតីសាមគ្គីការពារជាតិពិតប្រាកដពីសំណាក់គ្រប់មជ្ឈដ្ឋាននៃប្រជាជាតិយើង ពិសេសយើងនឹងអាចដឹងបានថា អ្នកចោទប្រកាន់ថាយើងកាត់៤ខេត្តឬច្រើនជាងនេះទៅឱ្យវៀតណាមតើពួកគេចូលលុយឬទេ? ប្រសិនបើពួកគេខ្លាចបាត់ដីមែន វាជាពេលវេលាល្អសម្រាប់ការចូលរួមរបស់ពួកគេដើម្បីកសាងផ្លូវថ្នល់ កសាងសាលារៀនមន្ទីរពេទ្យ អណ្តូងទឹក។ល។

នៅតាមភូមិថ្មីៗដែលរាជរដ្ឋាភិបាលនឹងចែកដីជូនប្រជាជនដែលគ្មានដីទៅរស់នៅ និងតាំងទីលំនៅទីនោះ។ ការរំពឹងទុកប្រជាជនដែលគ្មានដី នឹងទទួលបានដីសម្រាប់បង្កបង្កើនផលដែលមានហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ជាផ្លូវ ទឹក ភ្លើង សាលារៀន មន្ទីរពេទ្យ។ល។

សម្តេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា ខឿនការពារជាតិរបស់ប្រជាជន ត្រូវបានពង្រឹងតាមរយៈប្រជាជនដែលនៅតាមព្រំដែនដែលជាព្រំដែនរស់ដែលរឹងមាំជាងរបងបេតុង ឬដែកច្រើនជាន់និងល្អជាងការពង្រាយកងទ័ពនិងអាវុធដើម្បីការពារទៅទៀត។

សម្តេចតេជោ ក៏បានអំពាវនាវដល់ជនរួមជាតិចូលរួមបរិច្ចាគក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ទោះតិចក្តីច្រើនក្តី និងជួយពិនិត្យមើលតើអ្នកចោទប្រកាន់បានចូលរួមឬទេ? ។
នេះមិនមែនជាការដេញទាន់ជាន់កែងទេ តែចង់ឱ្យជាតិខ្មែរសាមគ្គីគ្នាការពារទឹកដីប្រសិនយើងខ្លាចបាត់បង់ទឹកដី៕

Leave a Reply

Your email address will not be published. Required fields are marked *