(ភ្នំពេញ)៖ លោក សុខុម សុជាតា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ។
បានចេញដីកាឃុំខ្លួន បុរសជនជាតិវៀតណាមម្នាក់ ជាប្រធានក្រុមហ៊ុន CamShip Express ក្រោយកម្លាំងសមត្ថកិច្ចចុះបង្រ្កាបទីតាំងរក្សាទុក និងចែកចាយអាវុធ ចម្ពាមកែច្នៃ បាញ់គ្រាប់ដែក។
ដោយអនុវត្តតាមបញ្ជាផ្ទាល់របស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។ ក្រុមការងារ Hotline Scam 24/7 របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកការស្រាវជ្រាវលើទំព័រហ្វេសប៊ុកឈ្មោះ D-Store ដែលបានបង្ហោះផ្សព្វផ្សាយលក់អាវុធចម្ពាមកែច្នៃបាញ់គ្រាប់ដែក តាមបណ្តាញសង្គម និងឈានទៅដល់ការចុះបង្រ្កាបទីតាំងរក្សាទុកនិងចែកចាយអាវុធកែច្នៃប្រភេទនេះ នៅទីតាំងមួយកន្លែងស្ថិតនៅផ្ទះលេខ១១ ផ្លូវ៣១BT សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រមទាំងធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាម្ចាស់ក្រុមហ៊ុន CamShip Express ឈ្មោះ Do Hoang Viet ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិវៀតណាម ដើម្បីយកមកសាកសួរនៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
ប្រតិបត្តិការនេះ ធ្វើឡើងក្រោមបទបញ្ជាពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរង និងជាប្រធានក្រុមការងារ Hotline Scam 24/7 ដោយសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលនីតិវិធីដោយលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្នុងនោះក៏មានចូលរួមពីសមត្ថកិច្ចមូលដ្ឋានពាក់ព័ន្ធ ដូចជា៖ លោក សុខ ពេញវុធ អភិបាលរង នៃអភិបាលរាជធានីភ្នំពេញ និងលោក សេង គន្ធ អភិបាល នៃអភិបាលខណ្ឌមានជ័យ។
សមត្ថកិច្ចជំនាញ បានរកឃើញនិងដកហូតសម្ភារៈពាក់ព័ន្ធជាគ្រឿងបង្គុំអាវុធកែច្នៃមួយចំនួនរួមមាន៖ កាំភ្លើង (អាវុធចម្ពាមកែច្នៃបាញ់គ្រាប់ដែក) ខ្សែកៅស៊ូ ឧបករណ៍គ្រឿងបង្គុំ និងគ្រាប់លោហៈដែក មួយចំនួនធំ។
ក្រោយពីការសាកសួរជនសង្ស័យខាងលើ បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តប្រាកដមែន បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។
ក្រុមការងារ Hotline Scam 24/7 នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋបញ្ឈប់នូវការផ្សព្វផ្សាយ និងធ្វើអាជីវកម្មទិញ-លក់ អាវុធកែច្នៃផ្សេងៗតាមបណ្តាញសង្គមគ្រប់ប្រភេទ ដែលបង្កអសន្តិសុខដល់សង្គម និងអាយុជីវិតមនុស្ស៕