ប្រទេសថៃ ចង់ជំនួសកងយន្តហោះចម្បាំងរបស់ខ្លួន ជាមួយនឹងយន្តហោះចម្បាំង Gripen ។
ដោយបង្ហាញការពេញចិត្ត ចំពោះប្រភេទយន្តហោះ ដែលផលិតដោយប្រទេសស៊ុយអែតនេះ ជាងយន្តហោះ F-16 ដែលផលិតដោយសហរដ្ឋអាមេរិក។
ក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយ កាលពីថ្ងៃអង្គារ (ទី២៧ ខែសីហា) កងទ័ពអាកាសថៃ និយាយថា គណៈកម្មាធិការលទ្ធកម្ម បានថ្លឹងថ្លែងពីជម្រើសអស់រយៈពេល ១០ខែ មុនពេលសម្រេចថា យន្តហោះ JAS 39 Gripen E/F គឺស័ក្តិសមបំផុត។
សេចក្ដីថ្លែងការណ៍ បន្តថា យើងបានពិចារណាការទិញនេះយ៉ាងប្រុងប្រយ័ត្ន ដែលអាចឲ្យយើងប្រើប្រាស់យន្តហោះនោះបានច្រើនបំផុត ដើម្បីការពារប្រទេសរបស់យើងយ៉ាងហោចណាស់ ៣០ឆ្នាំទៀត។
សេចក្តីថ្លែងការណ៍បានបន្ថែមថា យន្តហោះចម្បាំង Gripen អាចឆ្លើយតបទៅនឹងគោលការណ៍យុទ្ធសាស្ត្ររបស់កងទ័ពអាកាសថៃ និងសហការជាមួយកងកម្លាំងសន្តិសុខផ្សេងទៀត។
យន្តហោះ F-16 ចុងក្រោយបង្អស់របស់ក្រុមហ៊ុន Lockheed Martin នៅតែស្ថិតក្រោមការពិចារណានៅឡើយ ដោយការសម្រេចចុងក្រោយត្រូវស្ថិតលើរដ្ឋាភិបាលថៃ។
យន្តហោះ Gripen នឹងត្រូវជំនួសយន្តហោះ F-16 A/B ដែលបានទិញនៅចុងទសវត្សរ៍ឆ្នាំ១៩៨០។
មិនមានព័ត៌មានលម្អិត ត្រូវបានផ្តល់ឲ្យថា តើយន្តហោះ Gripen ប៉ុន្មានគ្រឿង ។
ដែលថៃអាចទិញនោះទេ ប៉ុន្តែរបាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយឯកទេសផ្នែកការពារជាតិកាលពីដើមឆ្នាំនេះ បានបង្ហាញថា ថៃ កំពុងចង់ទិញចំនួន១២គ្រឿង៕