ជំនន់ទឹកភ្លៀង នៅខែសីហានេះ បាននាំមកនូវការបំផ្លិចបំផ្លាញ និងបន្ថែមទុក្ខវេទនា ដល់ប្រជាជននៅទូទាំងប្រទេសស៊ូដង់ ។
ខណៈការប្រយុទ្ធគ្នា នៅតែបន្តរយៈពេល៥០០ថ្ងៃរួចមកហើយ រវាងកងទ័ព និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា។
ទឹកជំនន់បានសម្លាប់មនុស្សជិត ១៥០នាក់នៅស៊ូដង់។
នៅជិតទីក្រុង តូកា (Tokar) ក្នុងតំបន់ភាគខាងកើត របស់ស៊ូដង់ ដែលរហូតមកដល់ពេលនេះ បានរួចផុតពីអំពើហិង្សា ។
គេបានមើលឃើញហ្វូងមនុស្ស កំពុងជួបការលំបាក ក្នុងការធ្វើដំណើរដោយសារផ្លូវស្ពាននានាត្រូវបានកាត់ផ្ដាច់។
នៅកន្លែងផ្សេងទៀត ក្នុងរដ្ឋសមុទ្រក្រហមភាគខាងកើត ទំនប់ អាបាត (Arbaat) បានបាក់កាលពីថ្ងៃអាទិត្យ ដោយគំរាមកំហែងការផ្គត់ផ្គង់ទឹកសាបសម្រាប់ទីក្រុង ផតស៊ូដង់ (Port Sudan) ។
ដែលជារដ្ឋធានីតាមជាក់ស្ដែងរបស់ប្រទេស និងជាជម្រកសម្រាប់ជនភៀសខ្លួនរាប់សែននាក់។
អ្នកស្រុកខ្លះទៀតត្រូវបានជាប់គាំងនៅលើទីទួលខ្ពស់ដោយគ្មានស្បៀងអាហារ និងមានសង្ឃឹមតិចតួចណាស់ក្នុងការទទួលបានជំនួយសង្គ្រោះ។
យោងតាមអង្គការសហប្រជាជាតិបានឱ្យដឹងថា អ្នកស្រុករាប់រយគ្រួសារ ត្រូវបានជម្លៀសនៅក្នុងរដ្ឋភាគខាងជើងស៊ូដង់ ដែលភាគច្រើនមិនត្រូវបានប៉ះពាល់ដោយការប្រយុទ្ធគ្នា។
នៅតំបន់ ដាហ្វឺ (Darfur) ជាទីដែលមនុស្សរាប់លាននាក់ត្រូវបានគំរាមកំហែងដោយវិបត្តិអត់ឃ្លានធ្ងន់ធ្ងរ ភ្លៀងបានបំផ្លាញជំរំភៀសខ្លួន និងពន្យារពេលការមកដល់នៃជំនួយដ៏សំខាន់ នេះបើយោងតាមកម្មវិធីអាហារពិភពលោក WFP។
អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា មនុស្សជាង ៣០០.០០០នាក់ត្រូវបានរងផលប៉ះពាល់ដោយទឹកជំនន់៕