(ព្រៃវែង)៖ ពលរដ្ឋរាប់រយគ្រួសារ បានចោទអាជ្ញាធរស្រុកពាមរក៍ ថា មិនអើពើ រកដំណោះស្រាយឱ្យពួកគាត់នោះឡើយ..!។
បើទោះបីជាពួកខ្លួន បានរាយការណ៍និងប្ដឹងសុំកិច្ចអន្តរាគមន៍ជាច្រើនលើក ច្រើនសារ ឱ្យបញ្ឈប់សកម្មភាព ដែលឈ្មួញ បូមខ្សាច់ទាំងថ្ងៃទាំងយប់ ជិតៗច្រាំងទន្លេក្បែរផ្ទះពួកគាត់.យ៉ាងណាក៏ដោយ..!។
-សូមជម្រាបថា នៅក្នុងភូមិសាស្ត្រភូមិថ្មី ឃុំពាមមានជ័យ ស្រុកពាមរក៍ ដីមានរាងតូចទ្រវែង.!។
ដោយមួយចំហៀង ជាប់និងដងទន្លេមេគង្គ និងមួយចំហៀងទៀត ជាប់តាមបណ្ដោយដងទន្លេតូច រីឯការបូមខ្សាច់ គឺស្ថិតក្នុងដងទន្លេមេគង្គ…!។
-ថ្លែងក្នុងពេលផ្ទុះការតវ៉ា កាលពីព្រឹកទី៣០.០៨.២០២៤ នៅក្បែរច្រាំងទន្លេ ស្ថិតនៅភូមិថ្មី ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង។
ក្រុមប្រជាពលរដ្ឋ បានអះអាងដូចៗគ្នាថា ពួកខ្លួនជាង២០០គ្រួសារ នៅភូមិថ្មី ឃុំពាមមានជ័យ ស្រុកពាមរក៍ កំពុងមានការព្រួយបារម្ភជាខ្លាំង..!។
ចំពោះការបាក់ច្រាំងទន្លេ ប៉ះពាល់ផ្ទះសម្បែង ដំណាំ និងដីចម្ការ របស់ខ្លួនដោយសារ ការបូមខ្សាច់ចល័តជាពិសេសពេលយប់..!។
-មិនតែប៉ុណ្ណោះ នៅពេលពួកគាត់ ប្ដឹងនិងរាយការណ៍ ទៅអាជ្ញាធរ បែរជាអាជ្ញាធរស្ដាប់តាមតែ ថៅកែអ្នកបូមខ្សាច់ប៉ុណ្ណោះ.។
ដោយអាជ្ញាធរ ចុះមកពិនិត្យម្ដងៗ គឺមានតែចោទពលរដ្ឋថែមទៀត ធ្វើឱ្យដំណោះស្រាយ គ្មានប្រសិទ្ធភាព..!។
បើតាមពលរដ្ឋ រាល់ថ្ងៃនេះក្រុមសាឡង់បូមខ្សាច់ បានបូមចល័តខុសទីតាំង ដែលច្បាប់អនុញ្ញាត..!។
ជាពិសេសចល័ត មកបូមនៅក្បែរៗច្រាំងទន្លេ ក្រោយផ្ទះពួកគាត់តែម្ដង…!។
សកម្មភាពទាំងនេះហើយ ដែលបង្កការភ័យខ្លាច និងព្រួយបារម្ភ ពីការបាក់ស្រុតផ្ទះ និងដីចម្ការដំណាំ ចូលក្នុងទន្លេ តើនរណាទទួលខុសត្រូវ.ខណៈ ថ្មីៗនេះច្រាំងទន្លេ ត្រង់ចំណុចខាងលើ បានបាក់ជាបណ្ដើរៗហើយ…!។
-ឆ្លើយតបនិងការចោទប្រកាន់ខាងលើ លោក កែវ ពិសី អភិបាលស្រុកពាមរក៍ បានថ្លែងប្រាប់«ដើមរាំង»នៅរសៀលទី៣១.០៨.២០២៤ថា.ក្រុមហ៊ុនបូមខ្សាច់ គឺគេមានច្បាប់។
ចំពោះការ លើកឡើង របស់ពលរដ្ឋដែលថា មានការលួចបូម ពេលយប់និងខុសទីតាំងកំណត់នោះ។គឺអាជ្ញាធរ មិនមានឯកសារ ឬភស្តុតាង ដើម្បីដាក់បន្ទុកលើក្រុមហ៊ុននោះទេ!។
ដោយអភិបាលស្រុក ស្នើឱ្យពលរដ្ឋ ថតឱ្យបានជាក់ស្ដែង បើសាឡង់លួចបូមខ្សាច់ចល័ត ខុសទីតាំងឬបូមពេលយប់..!។
-បើតាមលោក កែវ ពិសី ក្រុមហ៊ុនដែលទទួលបានសិទ្ធ ធ្វើអាជីវកម្ម បូមខ្សាច់ត្រង់ចំណុចខាងលើ មានចំនួន២ក្រុមហ៊ុន ហើយថ្មីៗនេះ ក៏មានអ្នកលួចកាត់ពោង កំណត់ព្រំផងដែរ.!។-រីឯលោក ជា កក្កដា ប្រធានមន្ទីររ៉ែនិងថាមពលខេត្តព្រៃវែង មិនអាចសុំការបំភ្លឺបានទេ ដោយទូរស័ព្ទចូលហើយ គ្មានអ្នកទទួល.!។
-ក្នុងរឿងនេះ ពលរដ្ឋទាមទារឱ្យមន្ត្រីជំនាញ ក្រសួងពាក់ព័ន្ធ សិក្សាពីផលប៉ះពាល់ ក្នុងការអនុញ្ញាតឱ្យ ក្រុមហ៊ុនធ្វើអាជីវកម្មបូមខ្សាច់ និងត្រូវទប់ស្កាត់ ចំពោះការបូមខ្សាច់ចល័ត..!។
ក្នុងនោះពលរដ្ឋ ក៏បានស្នើឱ្យបើកវេទិកាសាធារណៈ និងបោះពោងកំណត់ទីតាំងជាថ្មី ឱ្យមានការយល់ស្របពីពលរដ្ឋ កុំធ្វើដោយចិត្តឯង ខណៈការបោះពោងលើកមុនៗ ពលរដ្ឋមិនព្រមនោះឡើយ៕