(ភ្នំពេញ)៖ នៅព្រឹកទី៥ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម កាណាត់ ទូមិសហ្ស (Kanat TUMYSH) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋកាហ្សាក់ស្ថាន ចូលជូនសារតាំង នៅវិមានព្រឹទ្ធសភា។
ជាកិច្ចចាប់ផ្តើម ក្នុងព្រះបរមនាមព្រះករុណាព្រះមហាក្សត្រ និងក្នុងនាមសម្តេចផ្ទាល់ សម្តេចតេជោ បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅចំពោះឯកឧត្តម Kanat TUMYSH ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកាហ្សាក់ស្ថានប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចតេជោ បានកត់សម្គាល់ដោយសេចក្តីពេញចិត្តចំពោះការខិតខំពង្រឹងទំនាក់ទំនងការទូតអស់រយៈពេល៣០ ឆ្នាំរវាងកាហ្សាក់ស្ថាន និងកម្ពុជា តាមរយៈការផ្លាស់ប្តូរអគ្គរដ្ឋទូតនៃប្រទេសទាំងពីរ ដែលឯកអគ្គរាជទូតកម្ពុជា ក៏ទើបបានចូលជូនសារតាំង ប្រធានាធិបតីកាហ្សាក់ស្ថានក្នុងពេលកន្លងទៅនេះ។
នាឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ប្រមុខរដ្ឋស្តីទី ដែលបានផ្តល់កិត្តិយសអនុញ្ញាតឱ្យឯកឧត្តម បានចូលជួប និងជូនសារតាំង នាឱកាសនេះ។ ឯកឧត្តម បានពាំនាំការសួរសុខទុក្ខនិងការគោរពរាប់អានរបស់ឯកឧត្តម Kassym-Jomart Tokayev ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន គោរពជូនសម្តេចតេជោ ប្រមុខរដ្ឋស្តីទី ដោយឯកឧត្តមប្រធានាធិបតី តែងគោរពកោតសរសើរសម្តេចតេជោ ក្នុងឋានៈជាមេដឹកនាំដ៏អស្ចារ្យម្នាក់ក្នុងពិភពលោក បានលះបង់ខ្ពស់ដើម្បីការពារ សន្តិភាព និងអភិវឌ្ឍប្រទេសជាតិ។
ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូតរយៈពេល ៣០ឆ្នាំ មកនេះ ដែលមានមូលដ្ឋានលើការទុកចិត្តគ្នា ការគាំទ្រគ្នា និងការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។ កាហ្សាក់ស្ថាន តែងតែចាត់ទុកកម្ពុជា ជាដៃគូដ៏ល្អប្រសើរមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ឯកឧត្តម បានបញ្ជាក់ថា កន្លងមកប្រទេសយើងទាំងពីរតែងគាំទ្រគ្នា ក្នុងកម្រិតអង្គការអន្តរជាតិដូចជា អង្គការសហប្រជាជាតិ សន្និសីទស្តីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តអាស៊ី (CICA) វេទិកាអាស៊ីអឺរ៉ុប និងសមាគមអាស៊ាន ផងដែរ។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបសម្តេចតេជោ ប្រមុខរដ្ឋស្តីទី ពីការដាក់ចេញនូវទស្សនវិស័យថ្មីសម្រាប់អនាគតរបស់ប្រទេសកាហ្សាក់ស្ថាន ដោយឯកឧត្តមប្រធានាធិបតី Kassym-Jomart Tokayev កាលពីថ្ងៃទី ២ ខែកញ្ញាកន្លងមក ដោយផ្តោតលើការធ្វើទំនើបកម្មសេដ្ឋកិច្ច ពិពិធកម្មសេដ្ឋកិច្ច ទាក់ទាញការវិនិយោគ ការអភិវឌ្ឍវិស័យឧស្សាហកម្ម ជំរុញនវានុវត្តន៍ ការការពារបរិស្ថាន និងការពង្រឹងមូលធនមនុស្ស។ ចំពោះគោលនយោបាយការបរទេសវិញ កាហ្សាក់ស្ថាននៅតែបន្តពង្រឹងទំនាក់ទំនងការទូត និងមិត្តភាពជាមួយកម្ពុជា គ្មានថ្ងៃផ្លាស់ប្តូរ។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាប សម្តេចតេជោ ថា កាហ្សាក់ស្ថាន នឹងធ្វើប្រជាមតិ នៅខែតុលា ឆ្នាំ២០២៤ នេះ ដើម្បីកសាងរោងចក្រថាមពលនុយក្លេអ៊ែ សម្រាប់ស្ថិរភាពសេដ្ឋកិច្ច និងសន្តិសុខថាមពលរបស់ប្រទេសកាហ្សាក់ស្ថាន។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណប្រទេសកម្ពុជា ចំពោះការគាំទ្រ កាហ្សាក់ស្ថានក្នុងនាមជាប្រធាន CICA។ ឯកឧត្តម សង្ឃឹមថា កម្ពុជានឹងបន្តគាំទ្រកាហ្សាក់ស្ថាន ក៏ដូចជាគាំទ្រដល់សេចក្តីព្រាងដំបូងនៃធម្មនុញ្ញ CICA (First Draft of CICA Charter) ដើម្បីធ្វើឱ្យសន្និសីទនេះ ក្លាយជាអង្គការកម្រិតអន្តរជាតិជាផ្លូវការមួយ។ ក្រៅពីនេះ ឯកឧត្តម ក៏សូមស្នើកម្ពុជា បន្តគាំទ្រកាហ្សាក់ស្ថាន ក្នុងឋានៈជាប្រទេសសង្កេតការណ៍របស់អាស៊ាន និងក្នុងក្របខណ្ឌអន្តរជាតិផ្សេងៗ។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានបន្តទៀតថា យោងតាមទស្សនវិស័យថ្មី កាហ្សាក់ស្ថាន ចង់ពង្រីកទំនាក់ទំនងជាមួយប្រទេសកម្ពុជា ដែលជាដៃគូដ៏ល្អ និងជាមួយបណ្តាប្រទេសអាស៊ីអាគ្នេហ៍ដទៃទៀត លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទំនាក់ទំនងនយោបាយ និងវប្បធម៌ជាដើម។ ក្នុងវិស័យសេដ្ឋកិច្ច ឯកឧត្តមទទួលស្គាល់ថា ទំហំពាណិជ្ចកម្មទ្វេភាគីរវាងប្រទេសយើងទាំងពីរ គឺនៅមានកម្រិតទាបនៅឡើយ ប៉ុន្តែឯកឧត្តមនឹងខិតខំពង្រីកទំហំពាណិជ្ជកម្មឱ្យឈានដល់ទំហំ ៣០០លានដុល្លារអាមេរិក និងដល់កម្រិត ១ ពាន់លានដុល្លារអាមេរិកនាថ្ងៃខាងមុខ។ ឯកឧត្តមបញ្ជាក់ថា ប្រទេសកាហ្សាក់ស្ថាន មានសក្តានុពលក្នុងវិស័យកសិកម្ម រ៉ែ ថាមពល និងហេដ្ឋរចនាសម្ព័ន្ធដឹកជញ្ចូន។
ឯកឧត្តម បានជម្រាបសម្តេចតេជោ ប្រមុខរដ្ឋស្តីទី ពីគម្រោងតភ្ជាប់ជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងក្រុងព្រះសីហនុផងដែរ ដើម្បីពង្រីកទំនាក់ទំនងវប្បធម៌ ជំរុញកំណើនទេសចរ និងជំរុញអ្នកវិនិយោគ ដែលត្រូវធ្វើដំណើរទៅមករវាងប្រទេសទាំងពីរ។ ឯកឧត្តម ក៏បានលើកអំពីការតភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿនរបស់កម្ពុជា និងបណ្តាប្រទេសអាស៊ាន ជាមួយផ្លូវសូត្រចិន និងច្រករបៀង Caspian (Caspian Corridor) ដែលអាចឱ្យកម្ពុជាដឹកជញ្ជូនទំនិញទៅអឺរ៉ុប ដោយប្រើរយៈពេលត្រឹម ១៥ថ្ងៃ បើធៀបទៅនឹងការដឹកតាមសមុទ្រដែលត្រូវប្រើរយៈពេល ២ ខែ។
លើសពីនេះទៅទៀត ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានលើកពីគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ដោយឯកឧត្តមមានបំណងរៀបចំឱ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងរដ្ឋមន្រ្តីសុខាភិបាលនៃប្រទេសទាំងពីរ ដើម្បីពិភាក្សាពីយន្តការការពារ និងព្យាបាលក្នុងវិស័យវេជ្ជសាស្រ្ត ដែលមានការផលិតវ៉ាក់សាំងទប់ស្កាត់ជំងឺរាត្បាតជាដើម។ នៅក្នុងសម័យកូវីដ១៩ កាហ្សាក់ស្ថានបាន ផលិតវ៉ាក់សាំង ដោយជោគជ័យចំនួន ២ ប្រភេទ។
ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានស្នើឱ្យមានកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការរវាងប្រទេសទាំងពីរ សម្រាប់អ្នកកាន់លិខិតឆ្លងដែនផ្លូវការ និងការទូតផងដែរ។
ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសូមគោរពអញ្ជើញ សម្តេចតេជោ បំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋកាហ្សាក់ស្ថាន និងចូលរួមសន្និសីទអន្តរជាតិដែលកាហ្សាក់ស្ថានធ្វើជាម្ចាស់ផ្ទះ ដើម្បី សម្តេចតេជោ អាចចែករំលែកបទពិសោធ ទស្សនៈដឹកនាំប្រទេស ប្រកបដោយគតិបណ្ឌិត ទៅដល់ថ្នាក់ដឹកនាំនៃបណ្តាប្រទេសដទៃទៀត ជាពិសេសគឺបណ្តាប្រទេសនៅអាស៊ីកណ្តាល។
ជាការឆ្លើយតប សម្តេចតេជោ ប្រមុខរដ្ឋស្តីទី បានអរគុណឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានរំលេចពីទំនាក់ទំនងជាង៣០ឆ្នាំមកនេះ និងបញ្ហាមួយចំនួនដែលប្រទេសយើងទាំងពីរគួរសហការគ្នា។ សម្តេចតេជោ បានអបអរសាទរដល់ប្រទេសកាហ្សាក់ស្ថាន ដែលបានសម្រេចនូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គមយ៉ាងឆាប់ រហ័សរហូតក្លាយជាប្រទេសមានចំណូលខ្ពស់។ សម្តេចតេជោ បានធ្វើការកត់សម្គាល់ថា កាហ្សាក់ស្ថាន បានដើរនាំមុខបណ្តាប្រទេសក្នុងតំបន់អាស៊ីកណ្តាល លើបញ្ហាជាច្រើន ទាំងទំនាក់ទំនងការទូតជាមួយប្រទេសជិតខាង និងអង្គការអន្តរជាតិ, ទំនាក់ទំនងពាណិជ្ជកម្ម និងការធ្វើទំនើបកម្មសេដ្ឋកិច្ច។
សម្តេចតេជោ បានមានប្រសាសន៍ថា សម្តេចធ្លាប់អញ្ជើញទៅទស្សនកិច្ចនៅកាហ្សាក់ស្ថាន ក្នុងឆ្នាំ១៩៨២ តាំងពីប្រទេសនេះនៅក្នុងសហភាពសូវៀតនៅឡើយ ដែលបានសេចក្តីថាយើងមានទំនាក់ទំនងនឹងគ្នាលើសពី៣០ឆ្នាំ។ ក្នុងដំណើរទស្សនកិច្ច សម្តេចនៅចាំបានថា ទឹកដីកាហ្សាក់ស្ថានត្រូវបានប្រើប្រាស់ជាមជ្ឈមណ្ឌលថាមពលនុយក្លេអ៊ែ នាសម័យនោះ។
សម្តេចតេជោ បានកោតសរសើរប្រទេសកាហ្សាក់ស្ថាន ដែលជាប្រទេសមានភ័ពសំណាងសម្បូរទៅដោយធនធានធម្មជាតិដូចជាប្រេង និងរ៉ែធម្មជាតិផ្សេងៗ ព្រមទាំងមានសក្តានុពលវិស័យកសិកម្មថែមទៀត។ សម្តេចតេជោ បានគាំទ្រចំពោះគំនិតផ្តួចផ្តើម ដែលឯកឧត្តមអគ្គរដ្ឋទូតបានលើកឡើង ដូចជាកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនផ្លូវការ និងការទូត និងកិច្ចសហប្រតិបត្តិការដើម្បីជំរុញទំហំពាណិជ្ចកម្មជាដើម។ ក្នុងនោះសម្តេចតេជោ បានផ្តល់អនុសាសន៍ឱ្យគិតគូររៀបចំកិច្ចព្រមព្រៀងគាំពារអ្នកវិនិយោគ និងកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា ដែលក្រសួងការបរទេសនៃប្រទេសទាំងពីរ ត្រូវបន្តពិភាក្សា។ សម្តេចតេជោ បានគូសបញ្ជាក់ថា ទំហំពាណិជ្ជកម្មរប់យើងគឺនៅទាបខ្លាំងណាស់ខណៈ សក្តានុពលនៃប្រទេសយើងពីរមានច្រើន។
សម្តេចតេជោ ក៏បានគាំទ្រគំនិតផ្តួចផ្តើមតភ្ជាប់ផ្លូវអាកាស ដោយការហោះហើរត្រង់បីកាហ្សាក់ស្ថាន មកព្រលានយន្តហោះនៅភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ។ សម្តេចតេជោ មានប្រសាសន៍ថា ប្រជាជនកាហ្សាក់ស្ថាន ក៏ដូចប្រជាជនរុស្ស៊ី គឺចូលចិត្តមកសម្រាករដូវក្តៅនៅអាស៊ី ដើម្បីគេចពីរដូវត្រជាក់នៅក្នុងប្រទេសរបស់ខ្លួន និងភាគច្រើនគឺចូលចិត្តទៅលេងតំបន់សមុទ្រ ហើយកម្ពុជាមានលទ្ធភាពផ្គត់ផ្គង់ជូនតាមតម្រូវការដល់អ្នកទេសចរទាំងនេះ។ ចំពោះការតភ្ជាប់ផ្លូវលឿនលឿនអាស៊ី និងផ្លូវរទេះភ្លើងល្បឿនលឿនអាស៊ី ដែលភ្ជាប់ប្រទេសតំបន់អាស៊ានទៅចិន និងទៅអាស៊ីកណ្តាល ប្រទេសកម្ពុជា នឹងអនុវត្តតាមផែនការអាស៊ាន ស្តីពីការតភ្ជាប់នេះ ដែលច្បាស់ណាស់និងឆ្លងកាត់កាហ្សាក់ស្ថានផងដែរ។
សម្តេចតេជោ ក៏បានអបអរសាទរ កាហ្សាក់ស្ថាន ដែលទទួលបានជោគជ័យក្នុងការផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩។ សម្តេច ជឿថាជំងឺកូវីដ-១៩ នៅមិនទាន់ទៅណាឆ្ងាយពីមនុស្សនោះទេ ដោយសារការបំប្លែងខ្លួនរបស់វាជាបន្តបន្ទាប់។ ដូច្នេះកម្ពុជា នឹងនឹកឃើញប្រទេសកាហ្សាក់ស្ថាន ដែលជាប្រទេសដៃគូនៅពេលត្រូវការវ៉ាក់សាំងការពារជំងឺកូវីដ-១៩។
សម្តេចតេជោ ក៏បានបង្ហាញការសោកស្តាយ ដែលពុំបានចូលរួមសន្និសីទ CICA ក្នុងឆ្នាំ២០២២ ដោយពេលនោះសម្តេចតេជោ ជាប់កាតព្វកិច្ចជាប្រធានអាស៊ាន។ សម្តេចតេជោ បានគូសបញ្ជាក់អំពីការបន្ត គាំទ្រកាហ្សាក់ស្ថាន នៅក្នុងវេទិកាអន្តរជាតិ ដែលមានទំនាក់ទំនងការទូត និងមិត្តភាពជាមួយកម្ពុជា។ ជាមួយគ្នានោះ សម្តេចតេជោ ក៏បានស្នើទៅកាហ្សាក់ស្ថាន ឱ្យគាំទ្របេក្ខភាពកម្ពុជា ក្លាយជាប្រទេសសង្កេតការណ៍ផ្លូវការណ៍របស់ កិច្ចសហប្រតិបត្តិការសៀងហៃ (SCO) ផងដែរ។ ការបន្តគាំទ្រគ្នាទៅវិញទៅមកនេះ មិនគួរធ្វើតែក្នុងកម្រិតប្រទេសនិងប្រទេសនោះទេ សម្តេចតេជោ បានជម្រាបទៅឯកឧត្តមអគ្គរដ្ឋទូតថា គួរធ្វើក្នុងកម្រិតតំបន់និងតំបន់ផងដែរ ពោលគឺក្នុងកម្រិត អឺរ៉ាស៊ី និងអាស៊ាន។
ជាចុងក្រោយ សម្តេចតេជោ ប្រមុខរដ្ឋស្តីទី មានប្រសាសន៍ថា សម្តេចរីករាយនឹងទទួលយកការអញ្ជើញ ទៅធ្វើបាឋកថា ឬសុន្ទរកថា ក្នុងវេទិកាអន្តរជាតិ ដើម្បីចែករំលែកបទពិសោធន៍ និងទស្សនៈនយោបាយ ក្នុងឋានៈធ្លាប់ជានាយករដ្ឋមន្រ្តីដែលក្មេងជាងគេ និងជានាយករដ្ឋមន្រ្តី ដែលកាន់តំណែងយូរជាងគេក្នុងពិភពលោក។ សម្តេចតេជោ ក៏បានជូនពរ
ឯកឧត្តមឯកអគ្គរដ្ឋទូត ទទួលបានជោគជ័យក្នុងបេសកកម្មការទូតរបស់ឯកឧត្តម៕