ក្រោយភាពចលាចលន យោបាយរយៈពេល២ខែ ប្រធានាធិបតីបារាំង លោក អ៊ីម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) កាលពីថ្ងៃព្រហស្បតិ៍ (០៥ កញ្ញា) បានសម្រេចតែងតាំង នាយករដ្ឋមន្ត្រីថ្មីគឺលោក មីស្ហែល បានីយ៉េ (Michel Barnier) ។
អតីតប្រធានអ្នកចរចា ប្រេហ្ស៊ីត (Brexit – ការចាកចេញពីសហភាពអឺរ៉ុប) របស់សហភាពអឺរ៉ុប ដែលជាអ្នកអភិរក្សនិយមមិនសូវល្បីឈ្មោះនៅបារាំងបើទោះបីជាមានតួនាទីជារដ្ឋមន្ត្រីក៏ដោយរូបនេះ ប្រឈមមុខនឹងបញ្ហាដ៏លំបាកនៃការដឹកនាំច្បាប់តឹងតែងដូចជាថវិកាឆ្នាំ២០២៥ តាមរយៈសភាដ៏បែកបាក់ ខណៈស្ថិតនៅក្រោមការគំរាមកំហែងឥតឈប់ឈរនៃការដួលរលំ។
ជោគវាសនារបស់លោក Barnier និងលោក Macron ស្ថិតនៅជាមួយនឹងបក្សរួបរួមកម្លាំងជាតិ (RN) ស្តាំនិយមជ្រុលរបស់លោកស្រី ម៉ារីន ឡឺប៉ែន (Marine Le Pen) ។
ដែលបានផ្តល់ការគាំទ្របណ្តោះអាសន្នដល់ការតែងតាំងរបស់លោក Barnier ។
ប៉ុន្តែបក្សនេះបានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនអាចដកការគាំទ្រនៅពេលណាមួយ ប្រសិនបើការព្រួយបារម្ភរបស់ខ្លួនលើបញ្ហាអន្តោប្រវេសន៍ សន្តិសុខ និងថវិកាជាតិមិនត្រូវបានបំពេញ។
ក្នុងវ័យ ៧៣ឆ្នាំ លោក Barnier គឺជានាយករដ្ឋមន្ត្រីវ័យចំណាស់ជាងគេក្នុងប្រវត្តិសាស្ត្រនយោបាយទំនើបរបស់បារាំង ដោយបានចូលកាន់តំណែងបន្តពីលោក ហ្កាប្រ៊ីយែល អាតាល់ (Gabriel Attal) ដែលជានាយករដ្ឋមន្ត្រីវ័យក្មេងជាងគេ៕