ក្រុមពលរដ្ឋអះអាងថា ខ្លួនទិញតូបដីឡូត៍ផ្ទះល្វែង នៅផ្សារក្ដឿងរាយ ស្រុកកញ្ជ្រៀច បង់លុយគ្រប់ចំនួន៣ឆ្នាំហើយ មិនទទួលបានប្លង់កម្មសិទ្ធ!

(ព្រៃវែង)៖ បងប្អូនអាជីវករជាច្រើនគ្រួសារ បានលើកឡើងដូចៗគ្នាថា ពួកខ្លួនខំប្រមូលប្រាក់មកទិញ.តូប.ដីឡូត៍.និងផ្ទះល្វែង នៅគម្រោងវិនិយោគ ផ្សារក្ដឿងរាយ ស្ថិតនៅភូមិដូងវាល ឃុំក្ដឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ប៉ុន្តែបែរជាត្រូវខកបំណងអស់…!។

ខណៈម្នាក់ៗ បង់លុយគ្រប់ចំនួនរយៈពេល៣ឆ្នាំហើយ មិនទទួលបាន(ប្លង់)ឬលិខិតផ្ទេរកម្មសិទ្ធ ពីម្ចាស់គម្រោងនោះឡើយ…!។

បន្ថែមពីនេះ នៅពេលពួកខ្លួនតាមសួរនាំ បែរជាម្ចាស់គម្រោង ប្រើពាក្យសម្ដីប្រមាថ បកត្រឡប់មកវិញ និងរុញឱ្យទៅប្ដឹងទៀតផង…!។

ធ្វើឱ្យពួកគាត់ឈឺចាប់ជាខ្លាំង! និងរងការខាតបង់យ៉ាងធ្ងន់ធ្ងរ ដែលមិនអាចទទួលយកបាន! ស្របពេលដែលសំណង់ផ្ទះល្វែង បានផ្អាកការសាងសង់ជិត៣ឆ្នាំហើយ ស្មៅដុះព័ទ្ធជុំវិញ!។

រីឯទ្វារតូបនៅក្នុងផ្សារ រួមនិងដំបូលផ្សារមួយផ្នែក ក៏ត្រូវម្ចាស់ផ្សារ គាស់យកដែកលក់ឱ្យអេតចាយទៀតផង..!។

-ករណីនេះត្រូវលោក ម៉ៅ អៀង ម្ចាស់គម្រោងវិនិយោគ និងជាម្ចាស់ផ្សារក្ដឿងរាយ

ចេញលិខិតបដិសេធចោល…។

សូមជម្រាបថា ផ្សារមួយនេះមានទីតាំងត្រង់ចំណុច ក្រោយភូមិដូងវាល ឃុំក្ដឿងរាយ ស្រុកកញ្ជ្រៀច ពោលគឺអភិវឌ្ឍន៍ នៅលើដីស្រែទំហំ ប្រមាណជាង៥ហិកតា!។

ស្ថានភាពនៃផ្សារក្ដឿងរាយ គឺគេធ្វើជា២កំណាត់ ដោយ
ចាក់សាបក្រាលឥដ្ឋកន្សែង ដំបូលប្រក់ស័ង្កសី មួយប៉ែកជាផ្សារត្រី គេខណ្ឌជាប្លង់ៗ លក់ចាប់ពី១.៥០០ដុល្លារទៅ២.០០០ដុល្លារ ក្នុង១ប្លង់!។

និងមួយប៉ែកទៀត ជាផ្សារទំនិញ.ខោអាវ.គេខណ្ឌជាតូបលក់ដោយក្នុង១តូបៗ តម្លៃចាប់ពី២.០០០ដុល្លារទៅ៣.០០០ដុល្លារ!។

ក្នុងនោះ ម្ចាស់គម្រោងក៏បានសាងសង់ផ្ទះល្វែង ជុំវិញផ្សារថែមទៀត សម្រាប់លក់ឱ្យអតិថិជន តម្លៃជិត ២០.០០០ដុល្លារក្នុង១ល្វែងឯណោះ….!។

-ថ្លែងក្នុងពេលផ្ទុះការតវ៉ា នៅផ្សារក្ដឿងរាយ កាលពីព្រឹកទី០៨.០៩.២០២៤ បងប្អូនអាជីវករ បានអះអាងថា គម្រោងផ្សារមួយនេះ មានថៅកែឈ្មោះ ម៉ៅ អៀង គឺចាប់ផ្ដើមសាងសង់ កាលពីកំឡុងឆ្នាំ២០២០។

ពោលគឺ នៅពេលចាប់ផ្ដើមសាងសង់ផ្សារដំបូង ដៃជើងបក្ខពួកថៅកែផ្សារ បានធ្វើការផ្សព្វផ្សាយ និងអូសទាញ បញ្ចុះបញ្ចូលប្រជាពលរដ្ឋទាំងជិត ទាំងឆ្ងាយឱ្យមកទិញ.តូប.ដីឡូត៍.និងផ្ទះល្វែង ក្នុងគម្រោងខាងលើ យ៉ាងផុសផុល….!។

-លោក ផន សាន ជាអតិថិជនម្នាក់ក្នុងចំណោមអ្នកទិញរាប់រយនាក់ បានអះអាងប្រាប់«ដើមរាំង»ថា ខ្លួនទិញផ្ទះចំនួន៣ល្វែង អស់ជិត៥០.០០០ដុល្លារ និងបានបង់លុយឱ្យម្ចាស់គម្រោង គ្រប់ចំនួន តាំងពីឆ្នាំ២០២១ម្ល៉េះ…!។

បើតាមលោក ផន សាន ផ្ទះដែលលោកទិញនោះ គឺសាងសង់បានប្រមាណជា ៣០ភាគរយប៉ុណ្ណោះ ក៏ត្រូវផ្អាកការសាងសង់រហូតសព្វថ្ងៃ ស្មៅដុះព័ទ្ធជុំវិញហើយ!។

ប្រភពដដែលបន្តថា ម្ចាស់គម្រោងមួយនេះ មានចេតនា(ឆបោក រំលោភលើទំនុកចិត្ត)។
ដោយសន្យាខ្យល់ លក់ផ្ទះយកលុយគ្រប់ចំនួនហើយ បែរជាមិនបំពេញកាតព្វកិច្ច ក្នុងការសាងសង់ផ្ទះតាមសន្យា ដើម្បីផ្ទេរកម្មសិទ្ធ មកឱ្យពួកខ្លួន!។

ដោយម្ចាស់គម្រោងតែងតែ លើកហេតុផល គ្មានឈប់គ្មានឈរ និងបានគេចវេះពន្យារពេលពី១ខែ ទៅ១ខែពី១ឆ្នាំ ទៅ១ឆ្នាំ…!។
ខណៈការសាងសង់ បានផ្អាករាប់ឆ្នាំមកហើយ ក្នុងនោះសូម្បីឧបករណ៍សម្រាប់ធ្វើសំណង់ ក៏ម្ចាស់គម្រោង ប្រមូលលក់ឱ្យអេតចាយ គ្មានសល់ដែរ។

លោក ផន សាន បញ្ជាក់ទៀតថា មិនត្រឹមតែរូបលោកប៉ុណ្ណោះទេ ដែលរងគ្រោះដោយសារគម្រោងមួយនេះ។
ពោលគឺពលរដ្ឋរាប់រយគ្រួសារទៀត ក៏មានវាសនាមិនខុសពីខ្លួនដែរ…!។
ដោយទិញ.តូប.ដីឡូត៍.និងផ្ទះល្វែង នៅផ្សារក្ដឿងរាយ បង់លុយគ្រប់ចំនួនរយៈពេល៣ឆ្នាំហើយ មិនទទួលបាន(ប្លង់)ឬលិខិតផ្ទេរកម្មសិទ្ធអ្វីទេ…!។

-ចំណែកស្ដ្រីឈ្មោះ សុខ មុំ ឯនេះវិញក៏បានអះអាងស្រដៀងគ្នាដែរថា ខ្លួនទិញផ្ទះនិងតូប និងនាំគេមកទិញផងសរុបអស់ជាង៣០.០០០ដុល្លារ បង់លុយគ្រប់ចំនួនតាំងពីឆ្នាំ២០២១ គឺមិនទទួលបាន(ប្លង់) ឬលិខិតផ្ទេរកម្មសិទ្ធសោះឡើយ..!។

-ពលរដ្ឋប្រមាណជាង៣០គ្រួសារទៀត ក៏បានលើកឡើងដែរថា ពួកខ្លួនទិញតូប.ផ្ទះល្វែង.ដីឡូត៍ ក្នុងគម្រោងផ្សារក្ដឿងរាយ និងបានបង់លុយគ្រប់តាំងពីឆ្នាំ២០២១។

ជាក់ស្ដែងបន្ទាប់ពីបង់លុយរួច បែរជាម្ចាស់គម្រោង ផ្អាកការសាងសង់ រហូតសព្វថ្ងៃ….!
ខណៈម្ចាស់ផ្សារគ្មានការទទួលខុសត្រូវ មិនចេញប័ណ្ណកម្មសិទ្ធ(ប្លង់រឹង)ឬផ្ទេរកម្មសិទ្ធឱ្យពួកខ្លួនទាល់តែសោះ។
ហើយនៅពេលពួកគាត់ តាមសួរនាំ បែរជាឈ្មោះ ម៉ៅ អៀង ថៅកែផ្សារ ជេរប្រមាថ មកលើពួកខ្លួននិងរុញឱ្យទៅប្ដឹងថែមទៀត….!។

ដោយឡែក អ្នករកស៊ីគ្រឿងចក្រដឹកដីឯនេះវិញ បានបញ្ជាក់ថា ខ្លួនដឹកដីឱ្យគម្រោងខាងលើ រយៈពេល៣ឆ្នាំហើយបើកលុយមិនបានសោះ…!។
មិនតែប៉ុណ្ណោះ ដោយសារជឿតាមការបញ្ចុះបញ្ចូល រូបគាត់ក៏បាន ចូលលុយវិនិយោគជិត១០.០០០ដុល្លារទៀត ។
ចុងក្រោយ”ប្រាក់ក៏បង់ថង់ក៏ដាច់”លុយចាក់ដីក៏ទារមិនបាន លុយវិនិយោគក៏ទារវិញមិនបាន គឺផុងខ្លួនតែម្ដង.!។

ពលរដ្ឋផ្សេងទៀត ក៏បានអះអាងដែរថា ខ្លួនចូលលុយវិនិយោគ ក្នុងគម្រោងរបស់លោក ម៉ៅ អៀង បានការប្រាក់តែដំបូងប៉ុណ្ណោះ ។
លុះឥឡូវទាំងការទាំងដើម គឺទារមកវិញមិនបានឡើយ បើតាមស្ដ្រីរូបនេះ មិនមែនមានតែខ្លួននោះទេ ដែលចូលលុយវិនិយោគ ហើយទារវិញមិនបាន គឺនៅមានច្រើននាក់ទៀត…!។

-ឆ្លើយតបនិងការចោទប្រកាន់ខាងលើនៅថ្ងៃទី១០.០៩.២០២៤«ដើមរាំង»បានព្យាយាមសុំការពីភ្លឺពីលោក ទួន សុគន្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រៃវែង ប៉ុន្តែទូរស័ព្ទចូលហើយគ្មានអ្នកទទួល..!។

-រីឯលោក សឿង សុជាតិ អភិបាលស្រុកកញ្ជ្រៀច បានថ្លែងប្រាប់(ដើមរាំង)ថា ករណីផ្សារក្ដឿងរាយ នោះ គឺលោកពុំបានដឹងទេ!។

-ចំណែកលោក ប៉ែន ថុន មេឃុំក្ដឿងរាយ ក៏បានថ្លែងស្រដៀងគ្នានិងលោក សឿង សុជាតិ ដែរ គឺពុំបានដឹងរឿងអ្វីឡើយ.!។

-ចំពោះលោក ម៉ៅ អៀង ម្ចាស់គម្រោងវិនិយោគ និងជាម្ចាស់ផ្សារក្ដឿងរាយ បានចេញលិខិតបំភ្លឺ និងបដិសេធចោល រាល់ការអះអាងខាងលើ..!។
ដោយថា ដំបូលផ្សារគឺត្រូវខ្យល់បក់របើកនិងមិនបានគាស់ដំបូលផ្សារ លក់នោះឡើយ។
លោក ម៉ៅ អៀង បដិសរធទៀតថា អតិថិជន គឺទិញផ្ទះពីឈ្មោះ ឈាង ផាត់ ពុំមែនទិញពីខ្លួនឡើយ។

-ស្របពេលដែលលោក ម៉ៅ អៀង បដិសេធបែបនេះ! ស្រាប់តែម្ដាយមីងរបស់ខ្លួន ចេញមុខអះអាងថា សព្វថ្ងៃនេះ ក្មួយរបស់គាត់គឺលោក ម៉ៅ អៀង គ្មានលុយនោះទេ កុំថាឡើយរថយន្តសូម្បីម៉ូតូក៏គ្មានជិៈផង…!។
ស្ដ្រីរូបនេះ ក៏បានទទួលស្គាល់ដែរថា លោក ម៉ៅ អៀង គឺពិតជាបានគាស់ដំបូល និងគាស់ទ្វារតូប.លក់ឱ្យអេតចាយប្រាកដមែន! ដើម្បីយកលុយមកបង់ទឹកនិងភ្លើង។

ក្នុងរឿងនេះ ពលរដ្ឋចំនួន២០គ្រួសារ បានប្ដឹងឈ្មោះ ម៉ៅ អៀង ម្ចាស់គម្រោងវិនិយោគ ពីបទ(រំលោភលើទំនុក)ចូលអយ្យការអមសាលាដំបូង ខេត្តព្រៃវែង កាលពីថ្ងៃទី០៤.០៩.២០២៤..!។
ខណៈពលរដ្ឋជាច្រើនគ្រួសារទៀត ក៏កំពុងរៀបចំឯកសារ ប្ដឹងម្ចាស់គម្រោងផ្សារមួយនេះ ចូលតុលាការជាបន្តបន្ទាប់…!។
ដោយពួកគាត់ សុំស្នើយ៉ាងទទូចដល់ឯកឧត្ដម ព្រះរាជអាជ្ញានៃអយ្យការអមសាលាខេត្តព្រៃវែង ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាជួយអន្តរាគមន៍ ពន្លឿននឹងចាត់វិធានការលើម្ចាស់គម្រោងវិនិយោគផ្សារក្ដឿងរាយដោយក្ដីអនុគ្រោះ៕

Leave a Reply

Your email address will not be published. Required fields are marked *