បេសកជនហ្វីលីពីន ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន បាននិយាយកាលពីថ្ងៃអង្គារ(១០ ខែកញ្ញា) ថា កិច្ចប្រជុំកំពូល នៃបណ្ដាប្រទេសចំនួន២០ គ្រោងនឹងធ្វើឡើង នៅក្រៅវេទិកា មហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងខែនេះ ដើម្បីស្វះស្វែងរកមធ្យោបាយ និយាយគ្នាដោយត្រឹមត្រូវ ទៅកាន់ប្រទេសចិន ជុំវិញការប្រឈមមុខដាក់គ្នាជាមួយហ្វីលីពីន នៅសមុទ្រចិនខាងត្បូង។
បេសកជន លោក ហូសេ ម៉ានូអែល រ៉ូមូលដេស (Jose Manuel Romualdez) បាននិយាយថា ប្រទេសកាន់តែច្រើនបានប្រមូលផ្តុំគ្នា និងផ្តល់សារទៅកាន់ចិនថា អ្វីដែលពួកគេកំពុងធ្វើគឺពិតជាមិនស្ថិតនៅលើភាពត្រឹមត្រូវនៃប្រវត្តិសាស្រ្តទេ។ កិច្ចប្រជុំកំពូលនេះមានបំណងជំរុញបណ្ដាប្រទេសឱ្យចូលរួមជាមួយហ្វីលីពីន ក្នុងការស្វះស្វែងរកមធ្យោបាយដើម្បីអាចនិយាយគ្នាដោយត្រឹមត្រូវជាមួយចិនបាន។
លោក Romualdez មិនបានរៀបរាប់លម្អិតពីផែនការសម្រាប់កិច្ចប្រជុំនេះទេ គ្រានតែនិយាយថានឹងធ្វើឡើងនៅខាងក្រៅមហាសន្និបាតប្រចាំឆ្នាំនៅក្រុងញូវយ៉ក ក្នុងសប្តាហ៍នៃថ្ងៃទី២២ ខែកញ្ញា។
ហ្វីលីពីន និងចិន បានចោទដាក់គ្នាទៅមកថាមានចេតនាបើកបំបុកនាវាឆ្មាំល្បាតឆ្នេរនៅតំបន់ជម្លោះនៃសមុទ្រចិនខាងត្បូងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ រួមទាំងការប៉ះទង្គិចយ៉ាងហិង្សាកាលខែមិថុនា ដែលនាវិកហ្វីលីពីនម្នាក់បានដាច់ម្រាមដៃមួយ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន កាលពីថ្ងៃចន្ទ បានអំពាវនាវឱ្យហ្វីលីពីន ពិចារណាឱ្យបានហ្មត់ចត់អំពីអនាគត ជៀសវាងធ្វើឱ្យទំនាក់ទំនង ដើរដល់ផ្លូវទាល់៕