អង្គការសហប្រជាជាតិ បាននិយាយ កាលពីថ្ងៃអង្គារ(ទី១០ខែកញ្ញា)ថាជនស៊ីវិលអ៊ុយក្រែនជាង 11,700 នាក់ត្រូវបានសម្លាប់ ចាប់តាំងពីផ្ទុះសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ 2022 រហូតបច្ចុប្បន្ន…។
លោកស្រី Joyce Msuya អគ្គលេខាធិការស្តីទី ទទួលបន្ទុកកិច្ចការមនុស្សធម៌ បានមានប្រសាសន៍ថា គួរឱ្យសោកស្តាយ ពីរឆ្នាំកន្លះចាប់តាំងពីការកើនឡើងនៃសង្រ្គាមនេះ ស្ថានភាពកាន់ តែអាក្រក់ទៅៗ។
ដោយចំនួនអ្នកស្លាប់ កំពុងកើនឡើង។
ការឈឺចាប់របស់មនុស្ស នៅតែបន្តក្នុងកម្រិតដែលមិនអាចអត់ឱនបាន។
សម័យប្រជុំ ដែលធ្វើឡើងតាមសំណើរបស់បារាំង និងអេក្វាឌ័រ បានលើកឡើងពីការវាយប្រហាររបស់រុស្ស៊ីលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅអ៊ុយក្រែន។
លោកស្រី Msuya បានសង្កត់ធ្ងន់ថា មនុស្សចំនួន 10 លាននាក់ត្រូវបានជម្លៀសដោយបង្ខំនៅក្នុងប្រទេសអ៊ុយក្រែន ហើយការវាយប្រហារទ្រង់ទ្រាយធំបាននិងកំពុងបន្តនៅទូទាំងប្រទេសចាប់តាំងពីថ្ងៃទី 26 ខែសីហា។
លោកស្រីបាននិយាយថា យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការពង្រីកការប្រយុទ្ធគ្នានាពេលថ្មីៗនេះទៅកាន់តំបន់ថ្មីនៅលើភាគីទាំងពីរនៃព្រំដែនអ៊ុយក្រែន-រុស្ស៊ី។
ដោយកត់សម្គាល់ថាប្រតិបត្តិការយោធានៅក្នុងតំបន់ Kursk របស់រុស្ស៊ីបានជម្លៀសមនុស្ស 130,000 នាក់ Msuya បាននិយាយថា ជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក៏ត្រូវបានកំណត់គោលដៅនៅក្នុងតំបន់នេះផងដែរ។
ទោះជាយ៉ាងណា អគ្គលេខាធិការស្តីទីទទួលបន្ទុកកិច្ចការមនុស្សធម៌រូបនេះ បានអំពាវនាវបន្ថែមទៀតដល់មេដឹកនាំពិភពលោកដែលរៀបចំសម្រាប់សម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី 79 ដើម្បីចាប់យករាល់ឱកាសដើម្បីធានាការសម្រេចចិត្តដែលនឹងទុកជីវិតជនស៊ីវិលហើយទីបំផុតនាំឱ្យសង្រ្គាមនេះបញ្ចប់ ៕