(ភ្នំពេញ)៖ កញ្ញា កន្និដ្ឋា ម្ចាស់ផេក The Kanitha Show នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បានចេញវីដេអូសូមទោសសម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចំពោះកំហុសរបស់ខ្លួន ដែលបានរិះគន់ជុំវិញព្រឹត្តិការណ៍ Gumball 3000។
កញ្ញា កន្និដ្ឋា បានសូមការអធ្យាស្រ័យពី សម្តេចទាំងពីរ ដ្បិតកញ្ញាបានដឹងពីកំហុសរបស់ខ្លួនហើយ។
ជាមួយគ្នានេះ កញ្ញា បានបញ្ជាក់ថា ហ្វេកប៊ុកផេកដែលមានឈ្មោះថា The Kanitha Show ពុំមាននរណាបានលួចទៅប្រើប្រាស់នោះទេ គឺកញ្ញាផ្ទាល់ជាអ្នកចូលទៅលុបវីដេអូ និងខ្លឹមសារផ្សេងៗដែលរិះគន់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ Gumball 3000 ដោយខ្លួនឯង។
តាមរយៈ video សារភាពកំហុស កន្និថា ក៏បានលើកម្រាមដៃដប់សំពះសុំទោសសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ផងដែរ ។
កញ្ញា កន្និថា បានសង្កត់ធ្ងន់ថា តាំងពីដើមរៀងមក នាងថា តែងតែគោរព និងស្រឡាញ់ទៅដល់រដ្ឋាភិបាលប្រទេសកម្ពុជាយើងទាំងមូល រួមទាំងសម្តេចទាំងពីរផងដែរ។ កន្និថា បានផ្តល់នូវសុវិនិច្ឆ័យខ្ពស់ថា ប្រទេសយើងទម្រាំតែយើងមានសន្តិភាពដល់សព្វថ្ងៃនេះ គឺយើងបានឆ្លងកាត់សង្គ្រាម ហើយលោកអ៊ុសម្តេច បានតស៊ូយ៉ាងលំបាក ក្នុងការតស៊ូរំដោះប្រទេសយើងចេញពីរបបហ្នឹង មកដល់សព្វថ្ងៃនេះទម្រាំតែពួកយើងជាក្មេងជំនាន់ថ្មីទទួលបានសន្តិភាព និងរស់នៅបានសុខសាន្ត។
ជាចុងក្រោយកញ្ញា កន្និថា ក៏បានសុំទោសជាថ្មីម្តងទៀត ទៅកាន់សម្តេចទាំងពីរ ដើម្បីសូមការអធ្យាស្រ័យឱ្យនាងផង៕