អ៊ីស្រាអែល បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍(ទី២៦ខែកញ្ញា)ថា ខ្លួននឹងទទួលបានកញ្ចប់ជំនួយយោធា ពីសហរដ្ឋអាមេរិក ចំនួន៨,៧ ពាន់លានដុល្លារ…!។
កញ្ចប់ជំនួយនេះ ត្រូវគ្នានឹងថ្ងៃទី៤ នៃការវាយប្រហារដ៏ធំរបស់អ៊ីស្រាអែល មកលើប្រទេសលីបង់..!។
ក្រសួងការពារជាតិអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អគ្គនាយកនៃក្រសួងការពារជាតិអ៊ីស្រាអែល ឧត្តមសេនីយ៍ Eyal Zamir បានបញ្ចប់ការចរចា នៅទីក្រុងវ៉ាស៊ីនតោន សម្រាប់កញ្ចប់ជំនួយចំនួន 8.7 ពាន់លានដុល្លារអាមេរិក។
ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងយោធា ដែលកំពុងបន្តរបស់អ៊ីស្រាអែល។
កញ្ចប់នេះមានទឹកប្រាក់ 3.5 ពាន់លានដុល្លារសម្រាប់លទ្ធកម្មសម័យសង្រ្គាមដ៏សំខាន់ ដែលត្រូវបានផ្ទេរទៅ IMoD (ក្រសួងការពារជាតិអ៊ីស្រាអែល) រួចហើយ និង 5.2 ពាន់លានដុល្លារដែលត្រូវបានកំណត់សម្រាប់ប្រព័ន្ធការពារដែនអាកាស រួមទាំង Iron Dome, David’s Sling និងប្រព័ន្ធឡាស៊ែរកម្រិតខ្ពស់។
គួរជម្រាបថា អ៊ីស្រាអែល មានប្រព័ន្ធស្ទាក់ចាប់កាំជ្រួចជាច្រើន រួមមាន David’s Sling, Arrow និង Iron Dome។
សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថា នៅក្រោមកិច្ចព្រមព្រៀងនេះ មូលនិធិ និងឧបករណ៍ដែលបានលើកឡើង ត្រូវបានគេរំពឹងថានឹងផ្តល់ឱ្យក្នុងពេលឆាប់ៗនេះ។
ទោះបីជាការស្ទង់មតិបង្ហាញជនជាតិអាមេរិកជាងពាក់កណ្តាលជឿថាជំនួយយោធាដល់អ៊ីស្រាអែល គួរតែត្រូវបានដាក់កម្រិតក៏ដោយ ទីក្រុងវ៉ាស៊ីនតោននៅតែបន្តផ្តល់ជំនួយយោធាដ៏សំខាន់ដល់ទីក្រុង Tel Aviv ។
អ៊ីស្រាអែល បានវាយលុកប្រទេសលីបង់ ចាប់តាំងពីដើមថ្ងៃចន្ទ នៅក្នុងការវាយប្រហារ ដែលបានសម្លាប់ជនរងគ្រោះយ៉ាងតិច ៦៧៧នាក់ និងជាង ២.៥០០នាក់ផ្សេងទៀតរងរបួស នេះបើយោងតាមតួលេខដែលចេញផ្សាយដោយក្រសួងសុខាភិបាល។
ក្រុមតស៊ូលីបង់ Hezbollah និងអ៊ីស្រាអែល បានចូលរួមនៅក្នុងសង្រ្គាមឆ្លងព្រំដែនចាប់តាំងពីការចាប់ផ្តើមនៃការវាយលុករបស់អ៊ីស្រាអែល ប្រឆាំងនឹងតំបន់ហ្គាហ្សា ។
ដែលបានសម្លាប់ជនរងគ្រោះជាង 41,500 ភាគច្រើនជាស្ត្រី និងកុមារ បន្ទាប់ពីការវាយប្រហារឆ្លងព្រំដែនដោយក្រុមតស៊ូប៉ាឡេស្ទីន ហាម៉ាស, ចុងក្រោយ 7 ខែតុលា៕