(ក្រចេះ)៖ នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តក្រចេះ បានអញ្ញើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់រដ្ឋបាលខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក-លោកស្រី ប្រធាន អនុប្រធានមន្ទីរ-អង្គភាពចំណុះឲ្យខេត្ត និងអភិបាលក្រុង/ស្រុកទាំង៧…!។
ក្រោយពីរដ្ឋបាលក្រុង/ស្រុក បានរាយការណ៍ពីស្ថានភាពផលប៉ះពាល់ និងការខូចខាតដំណាំស្រូវដោយសារទឹកជំនន់ ជូនអង្គប្រជុំ ឯកឧត្តម វ៉ា ថន បានមានប្រសាសន៍ណែនាំឱ្យអាជ្ញាធរក្រុង/ស្រុក សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
ត្រូវរៀបចំរបាយការណ៍ឱ្យបានលំអិត និងទាន់សភាពការណ៍ ស្តីពីផ្ទៃដីស្រែដែលខូចខាត និងបរិមាណតំរូវការស្រូវពូជទៅតាមគ្រួសារនីមួយៗ ដើម្បីរដ្ឋបាលខេត្តសម្របសម្រួលចាត់ចែងការស្តារឡើងវិញជូនប្រជាពលរដ្ឋឡើងវិញ។ ហើយកិច្ចការងារចំពោះមុខនេះគឺត្រូវត្រៀមស្ដារឡើងវិញ ហើយផ្ទៃដីដែលខូចខាត ដោយជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ ថ្បិតតែឆ្នាំនេះទឹក បានហក់ឡើងខ្លាំង តែផលប៉ះពាល់ផ្ទៃដីស្តារឡើងវិញ ចំនួន ៥,៨៧២ហិកតា ស្មើនឹង ៦,១១៩គ្រួសារ ។
ឯកឧត្តម វ៉ា ថន បានមានប្រសាសន៍ ក្រើនរំលឹកដល់គណៈបញ្ជាការឯកភាពស្រុក/ក្រុង ត្រូវបន្តពង្រឹងការចុះបង្រ្កាបបទល្មើសផ្សេងៗ និងអនុវត្តច្បាប់ចរាចរផ្លូវគោកឱ្យបានម៉ើងម៉ាត់ ដើម្បីធានាសន្តិសុខសណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ។
ឯកឧត្តម បានបន្ថែមទៀតថា អាជ្ញាធរភូមិ ឃុំ ត្រូវបន្តយកចិត្តទុកដាក់ទប់ស្កាត់ ការចូលទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់ និងការរំលោភបំពានដីចំណីផ្លូវសាធារណៈ ។
ដែលធ្វើឱ្យបាត់បង់សោភ័ណភាព ប៉ះពាល់សណ្តាប់ធ្នាប់ចរាចរណ៍ និងការអភិវឌ្ឍ ក្នុងខេត្ត ។
ដោយឡែក បញ្ហាអនាម័យនៅទីតាំងសត្តឃាតដ្ឋាន នៅជិតសកលវិទ្យល័យក្រចេះ ។
ដែលលោកអភិបាលរងខេត្ត បានលើកឡើង ត្រូវបាន ឯកឧត្តម ប្រធានអង្គប្រជុំណែនាំឱ្យ ដល់មន្ទីរកសិកម្មខេត្តចុះពិនិត្យ បន្តតាមដាន ដោះស្រាយ និងណែនាំដល់ម្ចាស់តែកែតម្រូវទីតាំងអោយបានស្អាត និងអនាម័យល្អ ។
ឯកឧត្តម វ៉ា ថន បានដាក់ចេញនូវផែនការសកម្មភាពមួយចំនួន ដើម្បីធានាដល់ការប្រឡងមធ្យមសិក្សាទុតិយភូមិ នាថ្ងៃស្អែក ។
ប្រកបដោយភាពរលូន សុវត្ថិភាព តម្លាភាព និងយុត្តិធម៌ ដូចជាផ្អាកទីតាំងលក់ និងថតចម្លងឯកសារ, ណែនាំដល់ប្រតិបត្តិករសេវាកម្មស្នាក់នៅ និងម្ហូបអារហារ កុំឱ្យតំឡើងថ្លៃបន្ទប់ និងម្ហូបអារហារ, និងជួយដោះស្រាយបញ្ហាផ្សេងៗដល់គ្រួសារក្រីក្រខ្វះលទ្ធភាព ៕