អាជ្ញាធរអេហ្ស៊ីប បានរាយការណ៍ថា មនុស្ស២០ នាក់បានរងរបួស កាលពីថ្ងៃអាទិត្យ នៅក្នុងការបុករថភ្លើងនៅក្នុងខេត្ត Minya របស់ប្រទេសអេហ្ស៊ីប។
បណ្តាលឱ្យទូរថភ្លើងពីរធ្លាក់ចូលទៅក្នុងប្រឡាយធារាសាស្ត្រមួយ នេះបើយោងតាមអាជ្ញាធរអេហ្ស៊ីប…!។
អគ្គនាយកដ្ឋានផ្លូវដែកជាតិអេហ្ស៊ីប (ENR) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ ឧបទ្ទវហេតុនេះបានកើតឡើង នៅពេលដែលរថភ្លើងមួយបានបុកជាមួយផ្នែកខាងក្រោយនៃរថភ្លើងមួយទៀតដែលធ្វើដំណើរពីទីក្រុង Aswan ទៅ Cairo ក្នុងតំបន់រវាង Abu Qurqas និង Minya ។
ការប៉ះទង្គិចបានបណ្តាលឱ្យទូរថភ្លើងក្រឡាប់ធ្លាក់ចូលប្រឡាយ Ibrahimiyah ។
ជាការឆ្លើយតប ENR បានបញ្ជូនឧបករណ៍សង្គ្រោះបន្ទាន់ និងរថយន្តស្ទូចទៅកាន់កន្លែងកើតហេតុ។ យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា រថភ្លើងត្រូវបានបំបែកចេញពីទូរថភ្លើងដែលធ្លាក់ផ្លូវ ហើយបានបន្តដំណើរឆ្ពោះទៅកាន់ទីក្រុងគែរ បើទោះបីជាមិនមានព័ត៌មានលម្អិតបន្ថែមត្រូវបានផ្តល់ឱ្យក៏ដោយ។
ក្រសួងសុខាភិបាល អេហ្ស៊ីប បានរាយការណ៍ថា ឧបទ្ទវហេតុនេះបានកើតឡើងនៅព្រឹកថ្ងៃអាទិត្យដែលជំរុញឱ្យមានការកើនឡើងនៃការត្រៀមលក្ខណៈវេជ្ជសាស្រ្តនៅមន្ទីរពេទ្យក្បែរនោះ។
រថយន្តសង្គ្រោះចំនួន២៣គ្រឿង ត្រូវបានបញ្ជូនទៅកាន់កន្លែងគ្រោះថ្នាក់ផងដែរ
គួរជម្រាបថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ អេហ្ស៊ីបបាននឹងកំពុងធ្វើការកែលម្អប្រព័ន្ធផ្លូវដែករបស់ខ្លួនដើម្បីការពារគ្រោះថ្នាក់ ដោយផ្តោតលើការធ្វើឱ្យប្រសើរឡើងនូវឧបករណ៍ ហេដ្ឋារចនាសម្ព័ន្ធ និងការបណ្តុះបណ្តាលកម្លាំងពលកម្ម។ រដ្ឋមន្ត្រីដឹកជញ្ជូន Kamel al-Wazir បានកត់សម្គាល់ថា ប្រជាជនប្រហែល 2.5 លាននាក់ប្រើប្រាស់ផ្លូវដែករបស់ប្រទេសអេហ្ស៊ីបជារៀងរាល់ថ្ងៃ៕