រដ្ឋបាលខេត្តព្រៃវែង គោរពវិញ្ញាណក្ខន្ធព្រះបាទសម្តេចនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋគម្រប់ខួប១២ ព្រះវស្សា!

(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២៤ រដ្ឋបាលខេត្តព្រៃវែង ដឹកនាំដោយ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត ព្រមទាំងលោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំងបី រដ្ឋបាល ក្រុង ស្រុកទាំង ១៣ នៃខេត្តព្រៃវែង បានអញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវិរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មេរ ព្រះបរមរតនកោដ្ឋ…!។

ក្នុងឱកាសនោះ ឯកឧត្តម ស្បោង សារ៉ាត និងឯកឧត្តម សួន សុម៉ាលីន ព្រមទាំងលោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំងបី រដ្ឋបាល ក្រុង ស្រុកទាំង ១៣ នៃខេត្តព្រៃវែង សូមគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីតបស្នងនូវ ព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ឧត្តុង្គឧត្តម វិសេសវិសាលក្រៃលែង ដែលព្រះអង្គបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាពដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី ផ្សះផ្សារ បង្រួបបង្រួមជាតិ និងអភិវឌ្ឍន៍លើគ្រប់វិស័យ ។

ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង សូមសម្ដែងនូវទឹកចិត្ត ពោរពេញដោយសេចក្តីទុក្ខក្រៀមក្រំ និងស្តាយស្រណោះអាឡោះអាល័យយ៉ាងក្រៃលែង ។
ចំពោះការយាងចូលព្រះទីវង្គតរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ” ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

គួរំលឹងផងដែរថា៖ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គប្រសូតនៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ។

ទ្រង់យាងចូលទិវង្គតនៅថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង១៖២០នាទីយប់ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិនក្នុងជន្មាយុ៩០ព្រះវស្សា។

ដើម្បីតបស្នងព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាឧត្តុង្គឧត្តម វិសេសវិសាលរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ, រាជរដ្ឋាភិបាលនៃកម្ពុជា បានយកថ្ងៃទី១៥ ខែតុលា ជាថ្ងៃបុណ្យជាតិ និងជាថ្ងៃកាន់មរណទុក្ខរបស់ប្រជាពលរដ្ឋខ្មែរទាំងមូល។

នៅថ្ងៃទី១៥ តុលា ទៀតសោត ទាំងព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ គ្រប់ក្រសួង ស្ថាប័ន និងប្រជារាស្រ្តទូទាំងប្រទេស តែងតែប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ៕

Leave a Reply

Your email address will not be published. Required fields are marked *