តុលាការចេញដីកាចាប់ខ្លួនលោកជំទាវ ចាយ ផានី ករណីចេញសែកស្អុយ គ្មានសាច់ខ្ទង់លានដុល្លារ!

(ភ្នំពេញ)៖ លោកជំទាវ ចាយ ផានី ដែលគេស្គាល់ថា ជាភរិយារបស់ឯកឧត្ដម ញឹម វណ្ណដា ទេសរដ្ឋមន្រ្តី ត្រូវបានតុលាការ ចេញដីកាបង្គាប់ឱ្យចាប់ខ្លួនពីបទ”រំលោភលើទំនុកចិត្ត និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន” ដែលបានប្រព្រឹត្ត នៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២២ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣៩១ និងមាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២៣១ នៃច្បាប់ស្តីពី ឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់….!។

-នេះយោងតាម ដីកាបង្គាប់ឱ្យចាប់ខ្លួន ចេញដោយលោក កូយ សៅ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ.កាលពី
ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤។

-ជនត្រូវចោទឈ្មោះ ចាយ ផានី ភេទស្រី កើតថ្ងៃទី១ ខែមករា ឆ្នាំ១៩៦៥ ជនជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខ 010905627 ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ មានអាសយដ្ឋានបច្ចុប្បន្ន ផ្ទះលេខ២២៤ ផ្លូវលេខ២៧៦ សង្កាត់ឬស្សីកែវ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ។

នៅក្នុងដីកានោះ ចៅក្រមស៊ើបសួរ បានអះអាងថា ជនត្រូវចោទខាងលើ មានចេតនាគេចវេះ មិនព្រមចូលខ្លួន តាមដីកាបង្គាប់ឱ្យចូលខ្លួនលេខ ១០០ ព្រ.១ ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។

ដើម្បីធានាដល់ការស៊ើបសួរ ឱ្យបានពេញលេញ គប្បីសម្រេចចាប់ខ្លួនឈ្មោះ ចាយ ផានី ភេទស្រី មកចំពោះមុខចៅក្រមស៊ើបសួរ ដើម្បីឆ្លើយបំភ្លឺការពិតក្នុងសំណុំរឿង។

ពោលគឺ ចៅក្រមស៊ើបសួរ សម្រេច៖
១.ឱ្យចាប់ខ្លួនឈ្មោះ ចាយ ផានី ភេទស្រី កើតថ្ងៃទី១ ខែមករា ឆ្នាំ១៩៦៥ ជនជាតិខ្មែរ ដែលមានអត្តសញ្ញាណខាងលើនេះ។

២.បញ្ជាដល់កងកម្លាំងសាធារណៈឱ្យស្រាវជ្រាវរកចាប់ នឹងនាំខ្លួនជនត្រូវចោទ ដែលមានសាវតាដូចខាងលើនេះ មកប្រគល់ជូន សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *