ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង៖ បានឱ្យដឹងកាលពីថ្ងៃសុក្រ (ទី១៨ ខែតុលា)ថា កូរ៉េខាងជើង បានបញ្ជូនកងទ័ពចំនួន១.៥០០នាក់ទៅជួយរុស្ស៊ី។
ក្នុងការបណ្ដុះបណ្ដាល មុននឹងដាក់ពង្រាយទៅកាន់សមរភូមិ នៅអ៊ុយក្រែន ដើម្បីជួយដល់កងទ័ពរុស្ស៊ី…។
នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង NIS ក៏បានបញ្ជាក់ថាខ្លួនកំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ុយក្រែន ហើយបានប្រើប្រាស់ បច្ចេកវិទ្យាស្កែនមុខ AI ក្នុងការកំណត់អត្តសញ្ញាណមន្ត្រីកូរ៉េខាងជើង នៅក្នុងតំបន់ដូណេត ភាគខាងកើតនៃប្រទេសអ៊ុយក្រែន ដែលកំពុងផ្ដល់ការគាំទ្រដល់រុស្ស៊ី ក្នុងការបាញ់មីស៊ីល កូរ៉េខាងជើង..។
ការអះអាងរបស់ទីភ្នាក់ងារស៊ើបការណ៍កូរ៉េខាងត្បូង ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាលោកទទួលបានព័ត៌មានសម្ងាត់ ។
ដែលបានរាយការណ៍ថា កូរ៉េខាងជើងកំពុងបង្វឹកកងទ័ព ១០.០០០នាក់ ដើម្បីបញ្ជូនទៅជួយកងទ័ពរុស្ស៊ី ក្នុងសង្រ្គាមឈ្លានពានអ៊ុយក្រែន។
-បើតាមចារកម្មកូរ៉េខាងត្បូង គឺ កូរ៉េខាងជើង បញ្ជូនកាំភ្លើងធំ មីស៊ីលបាលិស្ទីគ និងរ៉ុក្កែតប្រឆាំងរថក្រោះទៅឱ្យរុស្ស៊ីផងដែរ ប្រមាណជា ១៣ ០០០កុងតឺន័រ ចាប់តាំងពីខែសីហា ឆ្នាំ២០២៣មក។
ប៉ុន្តែទាំងកូរ៉េខាងជើង និងរុស្ស៊ី បានច្រានចោលការចោទប្រកាន់បែបនេះ។ ខណៈដែលវិមានក្រឹមឡាំង បដិសេធចោលនូវព័ត៌មានដែលថា កូរ៉េខាងជើងបញ្ជូនទ័ពទៅជួយរុស្ស៊ី នៅអ៊ុយក្រែន៕