Update៖ អ៊ីស្រាអែល ទម្លាក់ខិតប័ណ្ណនិងបង្ហាញរូបភាពសាកសពមេដឹកនាំក្រុមហាម៉ាស់នៅតំបន់ហ្កាហ្សា!

យន្តហោះរបស់អ៊ីស្រាអែលកាលពីថ្ងៃសៅរ៍ (ទី១៩ ខែតុលា )បាន ទម្លាក់ខិតប័ណ្ណ នៅភាគខាងត្បូងតំបន់ហ្កាហ្សា។ ដោយបង្ហាញរូបភាពសាកសព មេដឹកនាំក្រុមហាម៉ាស់ លោក Yahya Sinwar ក្រោយត្រូវបានសម្លាប់។

ការទម្លាក់ខិតប័ណ្ណខាងលើនេះ ធ្វើឡើងស្របពេលដែល ការវាយប្រហារយោធារបស់អ៊ីស្រាអែល ទើបតែបានផ្តាច់ជីវិត មនុស្សយ៉ាងហោច ៣២នាក់ទៀត នៅទូទាំងតំបន់ហ្កាហ្សា។
ក្នុងខិតប័ណ្ណនោះ ក៏បានបន្ថែមថា នរណាក៏ដោយ ដែលសុខចិត្តទម្លាក់អាវុធចុះចាញ់ រួចប្រគល់ខ្លួនចំណាប់ខ្មាំងមកវិញ នឹងទទួលបានអនុញ្ញាតឱ្យចាកចេញ ហើយរស់នៅដោយ សន្តិភាព។

ខ្លឹមសារក្នុងខិតប័ណ្ណ គឺស្រដៀងគ្នាទៅនឹងសេចក្តីថ្លែងការណ៍ របស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ បន្ទាប់ពីលោក Sinwar ត្រូវបានសម្លាប់ដោយក្រុមទាហានអ៊ីស្រាអែល ដែលធ្វើប្រតិបត្តិការនៅទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្កាហ្សា ក្បែរព្រំប្រទល់ប្រទេសអេហ្ស៉ីប កាលពីថ្ងៃពុធ។

យោងតាមអាជ្ញាធរអ៊ីស្រាអែល ការវាយប្រហារទ្រង់ទ្រាយធំ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលលោក Sinwar បានរៀបចំឡើង លើសហគមន៍នៅភាគខាងត្បូង ប្រទេសអ៊ីស្រាអែល បានសម្លាប់មនុស្សប្រហែល១,២០០នាក់ ហើយ២៥៣នាក់ផ្សេងទៀត ត្រូវបានចាប់ធ្វើចំណាប់ខ្មាំង យកមកកាន់តំបន់ហ្កាហ្សា៕

Leave a Reply

Your email address will not be published. Required fields are marked *