ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃចន្ទ(ទី២១ខែតុលា)ថា ក្រសួងការបរទេសកូរ៉េខាងត្បូង បានកោះហៅ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងសេអ៊ូល ដើម្បីសួរនាំពាក់ព័ន្ធការបញ្ជូនកងទ័ពកូរ៉េខាងជើង ទៅកាន់ប្រទេសរុស្ស៊ី។ ដោយដាក់ពង្រាយក្នុងសង្រ្គាមនៅអ៊ុយក្រែន។ នេះតាមទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០២៤។
យោងតាមសារព័ត៌មានកូរ៉េខាងត្បូង Yonhap ឯកអគ្គរដ្ឋទូតរុស្ស៊ី លោក Georgy Zinoviev បានប្រាប់ថា រូបលោកត្រូវបាន កោះហៅឱ្យជួបជាមួយ លោក Kim Hong-kyun ដែលជាអនុរដ្ឋមន្រ្តីទី១ នៃក្រសួងការបរទេសកូរ៉េខាងត្បូង កាលពីព្រឹកថ្ងៃចន្ទនេះ។
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងជើងបានបញ្ជូន កងកម្លាំងពិសេសរបស់ខ្លួនចំនួន ១,៥០០នាក់ ទៅតំបន់ចុងបូព៌ានៃប្រទេសរុស្ស៊ី ដើម្បីបានទទួលការហ្វឹកហ្វឺន និងហាត់សមសម្របខ្លួន នៅមូលដ្ឋានយោធាក្នុងតំបន់នោះ សម្រាប់ដាក់ពង្រាយទៅកាន់សមរភូមិ ក្នុងសង្រ្គាមនៅអ៊ុយក្រែន។
ក្នុងរឿងនេះវិមានក្រឹមឡាំង បានចេញមុខច្រានចោល ការចោទប្រកាន់របស់កូរ៉េខាងត្បូង៕