សារព័ត៌មានកូរ៉េខាងត្បូង Yonhap នៅថ្ងៃអង្គារ (ទី២២ ខែតុលា) បានរាយការណ៍ថា ទង់ជាតិរបស់កូរ៉េខាងជើងត្រូវបានលើកឡើងរួមគ្នាជាមួយនឹងទង់ជាតិរុស្ស៊ី នៅភាគខាងកើតប្រទេសអ៊ុយក្រែន។
ដោយត្រូវគេអះអាងថា ទាហានកូរ៉េខាងជើងប្រហែលជាត្រូវបានដាក់ពង្រាយ ដើម្បីជួយគាំទ្រក្នុងសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន។
ដកស្រង់ពីគណនី Telegram នៃអ្នកសរសេរប្លុកគាំទ្ររុស្ស៊ីឈ្មោះ @rvvoenkor_bot សារព័ត៌មាន Yonhap បានលើកឡើងថា ទង់ជាតិនៃប្រទេសទាំង២ បានលើកឡើងជាមួយគ្នា នៅទីក្រុង Pokrovsk ក្នុងតំបន់ Donbas ភាគខាងកើតអ៊ុយក្រែន។
សេចក្ដីរាយការណ៍របស់សារព័ត៌មាន Yonhap បានបន្ថែមថា ទីក្រុង Pokrovsk ជាទីតាំងមួយក្នុងចំណោមទីតាំងដែលទាហានកូរ៉េខាងជើងឈរជើង។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ទីភ្នាក់ងារចារកម្មរបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយថា ទីក្រុងព្យុងយ៉ាង បានបញ្ជូនកងទ័ពចំនួន ១,៥០០នាក់ ទៅកាន់តំបន់ចុងបូព៌ារបស់រុស្ស៊ី ដើម្បីហ្វឹកហ្វឺន សម្រាប់ដាក់ពង្រាយ ដើម្បីប្រយុទ្ធក្នុងសង្គ្រាមនៅអ៊ុយក្រែន៕