(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ កងរាជអាវុធហត្ថ បានឃើញការបង្ហោះផ្សព្វផ្សាយវីដេអូមួយ តាមបណ្តាញព័ត៌មានសង្គម ដោយបុគ្គលរូបនេះ ជានាយទាហាននៃកងរាជអាវុធហត្ថខេត្តកណ្តាល។
-លោក អេង ហ៊ី បានបញ្ជាក់ថា ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖
១-ឯកឧត្តម នាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឱ្យ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល កោះហៅឈ្មោះ ពៅ សាលួត ដែលបានបង្ហាញឥរិយាបថបំពានក្រមសីលធម៌ វិជ្ជាជីវៈ ល្មើសបទវិន័យកងទ័ព ដើម្បីធ្វើការត្រួតពិនិត្យជំហានដំបូង។
២-អនុវត្តទិសស្លោករបស់កងរាជអាវុធហត្ថ “ចំពោះប្រទេសជាតិត្រូវតែការពារ, ចំពោះប្រជាត្រូវតែបម្រើ, ច្បាប់ត្រូវតែគោរព និងបទល្មើសត្រូវតែបង្ក្រាប នឹងចាត់តាំងធ្វើអធិការកិច្ច ក្នុងករណីរកឃើញបុគ្គលនេះប្រព្រឹត្តបទល្មើស កងរាជអាវុធហត្ថ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមច្បាប់ សូមគោរពជូនជ្រាបជាព័ត៌មាន៕