លោក Antonio Guterres ប្រមុខអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអាទិត្យ (ទី២៧ តុលា) ថា លោកមានការតក់ស្លុតយ៉ាងខ្លាំងចំពោះកម្រិតនៃការស្លាប់និងរបួស ការបំផ្លិចបំផ្លាញដ៏អាក្រក់ នៅដែនដីហ្កាហ្សាភាគខាងជើង ជាទីដែលកងកម្លាំងអ៊ីស្រាអែលកំពុងបើកការវាយប្រហារ។
អ្នកនាំពាក្យរបស់លោក Guterres លោក Stephane Dujarric និយាយថា ស្ថានភាពរបស់ជនស៊ីវិលប៉ាឡេស្ទីនដែលជាប់ខ្លួននៅក្នុងតំបន់ហ្កាហ្សាភាគខាងជើង គឺមិនអាចទ្រាំទ្របានឡើយ ។
សារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA បានប្រាប់ឲ្យដឹងថា ជនជាតិប៉ាឡេស្ទីន៣០នាក់បានស្លាប់កាលពីល្ងាចថ្ងៃសៅរ៍ ដោយសារការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល លើទីប្រជុំជន បេត ឡាហ៊ីយ៉ា ( Beit Lahia) ក្នុងតំបន់ហ្កាហ្សាភាគខាងជើង។
អគ្គលេខាធិការមានភាពតក់ស្លុតយ៉ាងខ្លាំងចំពោះការស្លាប់ របួស និងការបំផ្លិចបំផ្លាញដ៏អាក្រក់នៅភាគខាងជើង ស្របពេលសដែលជនស៊ីវិលជាប់នៅក្រោមគំនរបាក់បែក អ្នកជំងឺ និងរបួស ពុំមានការថែទាំសុខភាពសង្គ្រោះជីវិត ហើយគ្រួសារនានាខ្វះខាតអាហារ និងទីជម្រក។
កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍នេះ អ្នកនាំពាក្យរបស់ទីភ្នាក់ងារការពារជនស៊ីវិលហ្កាហ្សាលោក Mahmud Bassal បានរិះគន់ការឡោមព័ទ្ធដែលកំពុងបន្តរបស់អ៊ីស្រាអែល នៅក្នុងតំបន់ Jabalia តំបន់ Beit Hanun និង តំបន់ Beit Lahia នៅភាគខាងជើងដែនដីហ្កាហ្សា ដោយនិយាយថាមនុស្សប្រមាណ១០០.០០០នាក់ត្រូវបានជាប់នៅទីនោះ៕