បេក្ខជនប្រធានាធិបតីអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ លោកស្រីអនុប្រធានាធិបតី កាម៉ាឡា ហារីស បានព្រមានទៅកាន់មនុស្សរាប់ម៉ឺននាក់ដែលបានប្រមូលផ្ដុំគ្នា ក្នុងទីក្រុងវ៉ាស៊ីនតោន នៅឯពិធីជួបជុំអ្នកគាំទ្រដ៏ធំបំផុតមួយរបស់លោកស្រីថាគូប្រជែងរបស់លោកស្រី គឺបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ កំពុងស្វែងរក អំណាចគ្មានដែនកំណត់ ខណៈយុទ្ធនាការឃោសនាបោះឆ្នោតឈានចូលក្នុងសប្ដាហ៍ចុងក្រោយ។ នេះបើតាមសារព័ត៌មាន Reuters។
ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រប្រហែលជា ៧៥ ០០០នាក់ នៅក្បែរសេតវិមានជាទីដែលកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ លោក ដូណាល់ ត្រាំ បានថ្លែងសារទៅកាន់ក្រុមអ្នកគាំទ្រ មុននឹងពួកគេ សម្រុកចូលអុកឡុកវិមាន Capitol។ «យើងស្គាល់ច្បាស់ថាដូណាល់ ត្រាំ ជានរណា»។ នេះជាការលើកឡើងរបស់លោកស្រី ហារីសទៅកាន់អ្នកគាំទ្រដោយបន្ថែមថាអតីតប្រធានាធិបតីអាមេរិក រូបនេះបានបញ្ជូនមនុស្សប្រដាប់ដោយអាវុធចូលអុកឡុកវិមាន Capitol ដើម្បីលុបចោលបរាជ័យរបស់លោកក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០២០។ លោកស្រីក៏បានព្រមានដែរ ថាលោក ត្រាំ ជាមនុស្សគ្មានស្ថិរភាព ឱបក្រសោបនូវគំនុំគុំគួន ហើយចង់បានអំណាចគ្មានដែនកំណត់។
គួររំលឹកថា អាមេរិកនឹងត្រូវរៀបចំការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី៥ ខែវិច្ឆិកានាពេលខាងមុខនេះ ដើម្បីសម្រេចថាតើលោក ដូណាល់ ត្រាំ ឬលោកស្រី កាម៉ាឡា ហារីស នរណានឹងក្លាយទៅជា ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក៕