(ភ្នំពេញ)៖ រថយន្តកុងតឺន័រ ទំនងជាដាច់ហ្វ្រាំងជ្រុលទៅបុកម៉ូតូដែលកំពុងឈប់រង់ចាំភ្លើងស្តុបរួចអូសជាច្រើនម៉ែត្របណ្ដាលឱ្យស្លាប់មនុស្សស្រីប្រុស២នាក់ទាំងព្រឹក ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៨ព្រឹក ថ្ងៃទី៣០ខែតុលាឆ្នាំ២០២៤ ត្រង់ផ្លូវចូលផ្សារព្រែកព្នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
យោងតាមសមត្ថកិច្ច បានឲ្យដឹងថាជនរងគ្រោះទាំងពីរនាក់ជាប្តីប្រពន្ធដោយប្ដីឈ្មោះ ខន មុនី អាយុ ២៩ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៧អឺ០ ផ្លូវលេខ១៤៤ ភូមិ១២ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ មានស្រុកកំណើត ភូមិតាពូង ខេត្តបាត់ដំបង និងប្រពន្ធឈ្មោះ សិន មុីអុីហុង អាយុ២៤ឆ្នាំ មានស្រុកកំណើនៅភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។
ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកHonda Dream ឆ្នាំ២០១៣ផ្លាកលេខ ភ្នំពេញ1BX -7170 ដឹកប្រពន្ធបើកបរក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុច្រកចូលផ្សារព្រែកព្នៅបានឈប់រង់ចាំភ្លើងស្តុបស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងផ្លាកលេខ ព្រៃវែង 3A-2736មកពីក្រោយក៏បុកម៉ូតូពេញមួយទំហឹងរួចអូសជាច្រើនម៉ែត្រធ្វើឱ្យម៉ូតូខូចខាតទាំងស្រុងនិងបណ្ដាលឱ្យជនរងគ្រោះប្តីនិងប្រពន្ធបានស្លាប់ក្រោមរថយន្តទាំង២នាក់ភ្លាមៗនោះប្រជាពលរដ្ឋបានឃាត់អ្នកបើកបររថយន្តប្រគល់ជូនសមត្ថកិច្ច។
ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញ ចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយពេលក្រោយ ។ រីឯសពជនរងគ្រោះបានប្រគល់ទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕